ឧកញ៉ា២រូបដែលសុទ្ធតែអ្នកជំនាញអចលនទ្រព្យ បានបង្ហាញទស្សនៈស្រដៀងគ្នាចំពោះតម្លៃអចលទ្រព្យ នៅតំបន់អរិយក្សត្រ ថានឹងបន្តស្ទុះឡើងខ្លាំងទៅមុខទៀត បន្ទាប់ពីរាជរដ្ឋាភិបាល សម្រេចបង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្តាល កាលពីចុងសប្តាហ៍កន្លងទៅ។
ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ មានប្រសាសន៍ថា៖ “ដីធ្លីនៅតំបន់អរិយក្សត្រ ជាពេលដែលត្រូវឡើងថ្លៃ ពីព្រោះតំបន់ដែលនៅជិតរាជធានីភ្នំពេញ មានតែតំបន់ហ្នឹងមួយទេ (អរិយក្សត្រ) មានតម្លៃសមរម្យ ដោយកន្លងមកជួបបញ្ហាការលំបាកធ្វើដំណើរ។ បើគ្មានស្ពានទេត្រូវការពេលវេលាយូរក្នុងការឆ្លងសាឡង”។
លោកឧកញ៉ា បានគូសបញ្ជាក់ថា នៅពេលមានស្ពានប្រជាជនមានភាពងាយស្រួលក្នុងការធ្វើដំណើរ អ្នកវិនិយោគទុនជាតិ អន្តរជាតិ ក៏អាចវិនិយោគអចលនទ្រព្យនៅតំបន់នោះ ព្រោះចរាចរនឹងកើនឡើងខ្ពស់ ហើយការអភិវឌ្ឍនឹងរីកចម្រើនលឿន ដោយសារមានស្ពានភ្ជាប់ជាមួយរាជធានី។
ចំណែកឯឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានថ្លែងថា ការបង្កើតក្រុងថ្មីនេះ គឺជាសញ្ញាណមួយដ៏ល្អដែលបង្ហាញថា តំបន់នោះជាតំបន់មានសក្តានុពល មានអត្រាប្រជាជន និងសេដ្ឋកិច្ចកើនឡើង ព្រមទាំងបង្ហាញថា រាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតាមតំបន់នានាជាបន្តបន្ទាប់ឱ្យកាន់តែរីកចម្រើន។
លោកឧកញ៉ា បានបន្ថែមថា កត្តានេះ ជាសញ្ញាណល្អមួយ សម្រាប់តម្លៃអចលនទ្រព្យ ដែលនឹងធ្វើឱ្យតម្លៃដីនឹងកើនឡើង។ លោកបន្ថែមថា អរិយក្សត្រ កន្លងមកគឺតំបន់ពេជ្យមិនទាន់ច្នៃ បើទោះបីជាតំបន់នេះ ស្ថិតនៅក្បែររាជធានីភ្នំពេញក្តី ប៉ុន្តែក្រោយពេលរាជរដ្ឋាភិបាល ចេញអនុក្រឹត្យបង្កើតក្រុងជាផ្លូវការបែបនេះ មានន័យថា រាជរដ្ឋាភិបាល កំពុងតែត្រៀមខ្លួន ជំរុញឱ្យតំបន់អរិយក្សត្រ កាន់តែរីកចម្រើនថែមទៀត ទាំងហេដ្ឋារចនាសម្ព័ន្ធ និងកំណើនប្រជាជន។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ បង្កើតក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ដោយកាត់ឃុំចំនួន ០៦ ពីស្រុកខ្សាច់កណ្តាល គឺឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រុះ និងឃុំចំនួន ០៥ ពីស្រុកល្វាឯម គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង។ នេះមានន័យថា ក្រុងអរិយក្សត្រ មានសង្កាត់សរុបចំនួន ១១ ខណៈដែលទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ គឺស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ៕