អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សុខា អូតែល បានអញ្ជើញលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ព្រះពុទ្ធបដិមាខ្ពស់ជាងគេ លើពិភពលោក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមលិខិតរបស់ក្រសួងរៀបចំដែនដី ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល ធ្លាប់បានបញ្ជាក់ថា ព្រះពុទ្ធបដិមានេះមានកំពស់១០៨ម៉ែត្រ ទ្រង់ភ្នែន ដែលកំពស់នេះ គិតចាប់តាំងពីបល្ល័ង្កខាងក្រោម រហូតដល់ចុងកេសារបស់ព្រះពុទ្ធបដិមា ដែលនឹងចំណាយរយៈពេលសាងសង់ចំនួន ៤ឆ្នាំ និងចំណាយប្រាក់ចន្លោះពី៣០លានដុល្លារ ទៅ៤០លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា គោលបំណងនៃការសាងសង់រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ គឺដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃនេះ ក៏នឹងជួយរួមចំណែកទ្រទ្រង់ ដល់វិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ជាពិសេសទៀតនោះ នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ មកកាន់តំបន់ភ្នំបូកគោ៕
