ឧកញ៉ា ទុយ គី ម្ចាស់សណ្ឋាគារ ពោធិ៍សាត់ រីវើសាយ បានជាប់ឆ្នោតជា ប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ អាណត្តិទី៣ លើកទី១ ដោយទទួលបានការទុកចិត្តពីសមាជិកបោះឆ្នោតគាំទ្រ ១០០% នារសៀលថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២។

លទ្ធផលនៃការបោះឆ្នោតដ៏ជោគជ័យនេះ ជាសក្ខីភាពសរបញ្ជាក់ឱ្យឃើញនូវការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសព្វ និងការទទួលខុសត្រូវខ្ពស់របស់លោកឧកញ៉ា ទុយ គី ដែលជាប្រធានសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ អាណត្តិមុនផងដែរ ដែលបានផ្តល់ភាពកក់ក្តៅជូនដល់គ្រប់ពាណិជ្ជករ នៅក្នុងខេត្ត ញ៉ាំងឱ្យស្ថាប័នសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ ដើរតួនាទីរួមជាមួយសភាពាណិជ្ជកម្មកម្ពុជា មិនអាចខ្វះបាន ក្នុងការចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យសេដ្ឋកិច្ចជាតិមានការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់ គួរជាទីមោទនៈ។

គួរបញ្ជាក់ថា ពិធីបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តពោធិ៍សាត់ អាណត្តិទី៣ លើកទី១ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានធ្វើឡើងនៅសាលាមត្តេយ្យខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ងួន ប៉ោសេង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោកស្រី សេង សុម៉ុន ប្រធាននាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មរាជធានី -ខេត្ត តំណាង លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកស្រីប្រធានមន្ទីរពាណិជ្ជកម្មខេត្ត និងមន្រ្តីក្រោមឱវាទ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធមួយចំនួនទៀត៕



