គណៈសង្ឃនាយកគណៈមហានិកាយនៃកម្ពុជា សម្រេចប្រគល់នូវគោរម្យ៍ងារកិត្តិយស ជូនដល់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលមាននាមបញ្ញត្តិថា “បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍” នាថ្ងៃព្រហស្បតិ៍ទី២៩ ខែធ្នូ ឆ្នាំ២០២២។

ពិធីប្រគល់គោរម្យងារនាពេលនេះ ធ្វើឡើងក្រោមព្រះវត្តមានសម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃកម្ពុជា ស្ថិតនៅក្នុងវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានស្រុកកំណើតនៅខេត្តបាត់ដំបង និងបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក បច្ចុប្បន្នជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្ដល់សេវាអប់រំល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា។

ក្រៅពីការដឹកនាំក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ហើយនោះអ្នកឧកញ៉ាក៏ជាសមាជិកទីប្រឹក្សា និងជាអនុប្រធានក្រុមការងារផ្នែកអប់រំ នៃសភាពាណិជ្ជកម្មកម្ពុជា, ទីប្រឹក្សាកិត្តិយស នៃសមាគមសហគ្រិនស្រ្តីកម្ពុជា, សមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព, សមាជិកស្ថាបនិក និងទីប្រឹក្សា នៃក្លិបអ្នកវិនិយោគកម្ពុជា, ទីប្រឹក្សាក្រុមប្រឹក្សាភិបាល នៃសហព័ន្ធសេវាអប់រំនៅកម្ពុជា, ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ជាដើម។
អ្នកឧកញ៉ា ត្រូវគេទទួលស្គាល់ចំពោះការចូលរួមយ៉ាងសកម្មរបស់លោកក្នុងកិច្ចការងារមនុស្សធម៌ ការអភិវឌ្ឍសហគមន៍ តាមរយៈការខិតខំប្រឹងប្រែងរបស់លោកក្នុងវិស័យអប់រំ វិស័យសុខាភិបាល និងការបម្រើសេវាសង្គម ក្នុងតួនាទីជានាយកប្រតិបត្តិនៃ មូលនិធិ ម៉េងលី ជេ. គួច ដែលបង្កើតឡើងក្នុងឆ្នាំ២០០៥៕
