លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងភរិយារបស់លោកគឺ លោកជំទាវឧកញ៉ា គង់ សំណាង ស្ថាបនិកបុរី វិមានសំណាង បានចែករំលែកវិធីសាស្ត្រល្អៗមួយចំនួន ក្នុងការចិញ្ចឹមកូន ឱ្យក្លាយជាមនុស្សល្អ ទទួលបានភាពជោគជ័យ និងរស់នៅមានក្តីសុខក្នុងជីវិត។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយបានបញ្ជាក់ថា លោកមានវិធីសាស្ត្រចិញ្ចឹមកូនចំនួន ៣ចំណុចសំខាន់ៗគឺ៖ (១)លោកនិងភរិយាមិនដែលបង្រៀនកូន ឱ្យរៀនយកលេខ១ ធ្វើការយកលេខ១ ឬរកស៊ីយកលេខ១នោះទេ, (២)លោកនិងភរិយាបង្រៀនកូន ឱ្យធ្វើជាខ្លួនឯង (Be Your Own) និងខិតខំធ្វើឱ្យអស់ពីសមត្ថភាពដែលខ្លួនមាន និង (៣)មេរៀនដែលលោកនិងភរិយា តែងតែបង្រៀនកូន គឺត្រូវធ្វើជាសិស្សល្អ និស្សិតល្អ អ្នកធ្វើការល្អ អ្នករកស៊ីល្អ និងធ្វើជាមនុស្សល្អ សម្រាប់ខ្លួនឯង បងប្អូន សាច់ញាតិ មិត្តភ័ក្តិ សង្គម និងប្រទេសជាតិ។
យ៉ាងណាមិញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកាបុរី វិមានសំណាង ក៏បានចែករំលែកអនុសាសន៍ដ៏មានតម្លៃទៅដល់នារីៗ ជាពិសេសកូនស្រីរបស់ខ្លួនផងដែរថា៖ “មានសម្រស់ស្អាតពីធម្មជាតិជាសំណាងមួយ តែអ្វីដែលសំខាន់សម្រាប់កូនស្រី គឺចំណេះដឹង (ត្រូវរៀនឱ្យបានខ្ពង់ខ្ពស់)”។ លោកជំទាវ បានបន្តថា រៀនបានខ្ពង់ខ្ពស់ហើយ ត្រូវមាន ៥ចំណុចខាងក្រោមនេះទៀត ទើបជីវិតមានក្តីសុខ៖
១. ស្រលាញ់ខ្លួនឯង ថែសុខភាពឱ្យល្អ
២. ត្រូវក្លាហាន ជឿជាក់លើខ្លួនឯង
៣. ប្រកាន់គុណធម៌ និងសច្ចៈធម៌
៤. ធ្វើកិច្ចការអ្វីមួយ ធ្វើដោយយកចិត្តទុកដាក់ មានការច្នៃប្រឌិត
៥. ស្រលាញ់ និងមេត្តាមនុស្សជុំវិញខ្លួន ។
សូមជម្រាបជូនថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង គឺជាស្ថាបនិកបុរី វិមានសំណាង ដែលជាបុរីលំដាប់អភិជន ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕