ឧកញ៉ា ភូ ចាន់ដារិទ្ធ ឧបត្ថម្ភកីឡាករ ធឿន ធារ៉ា ម្ចាស់ពានរង្វាន់ប្រដាល់ស្ដេចថៃ ចំនួន ២លានរៀល  

ជុំវិញ​ឧកញ៉ា

អគ្គនាយកក្រុមហ៊ុន PCDR Co., Ltd និង​ជាអគ្គនាយកក្រុមហ៊ុន​អចលនទ្រព្យ SR Real Estate ឧកញ៉ា ភូ ចាន់ដារិទ្ធ បានឧបត្ថម្ភថិវកា ជូនកីឡាករ ធឿន ធារ៉ា ចំនួន ២លានរៀល និងកីឡាករ ហ៊ុន ថង ចំនួន ១លានរៀល ដើម្បីជាការចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់ម្ចាស់ពានរង្វាន់របស់ព្រះមហាក្សត្រថៃឆ្នាំ២០២២ «THAI FIGHT 100 Years Nakhon Ban» ដែលទើបតែដណ្ដើមខ្សែក្រវាត់ វាយឈ្នះកីឡាករថៃ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅប្រទេសថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពីជូនថវិកាលើកទឹកចិត្តកីឡាករប្រដាល់ខ្មែរទាំង ២រូប ខាងលើ ឧកញ៉ាវ័យក្មេង និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជាផង បានជូនថវិកាជូនលោកគ្រូ អេភូ ថង និងលោកគ្រូ ស៊ន អេឡិត ក្នុងម្នាក់ ៤០ម៉ឺនរៀល រួមទាំងអញ្ជើញពិសារអាហារសាមគ្គីជួបជុំគ្នា ក្រោមបរិយាកាសយ៉ាងរីករាយ ប្រកបដោយស្នា​មញញឹម។

ឧកញ៉ា ភូ ចាន់ដារិទ្ធ ថ្លែងថា៖ ក្រោយពីបានជួបជជែកគ្នា ជាមួយលោកគ្រូអេ ភូថង និងប្អូនប្រុស ធឿន ធារ៉ា ក៏ដូចជាប្អូនប្រុស ហ៊ុន កង រួចមក ខ្ញុំពិតជាមានក្ដីរំភើប និងភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបានដឹងអំពីជីវិតពិត និងការតស៊ូរបស់កីឡាករខ្មែរយើងម្នាក់ៗ ដោយពួកគាត់សុទ្ធតែឆ្លងកាត់ ការលំបាក ពុះពារគ្រប់ឧបសគ្គ ទម្រាំបានសម្រេចជោគជ័យជូនជាតិមាតុភូមិដូចថ្ងៃនេះ នៅពីក្រោយភាពជោគជ័យ ដែលយើងបានឃើញថ្ងៃនេះ បង្គប់នូវការលំបាក ភាពនឿយហត់ បាក់ទឹកចិត្ត និងរងការរិះគន់ ជាច្រើនលើក ច្រើនសារមកពីគ្រប់មជ្ឈដ្ឋានទាំងអស់។

លោក បន្តថា៖ ដោយបានយល់ច្បាស់ និងមានក្ដីអាណិតអាសូរ ខ្ញុំមានតែទឹកចិត្តបន្តិចបន្តួច ដោយជូនជាថវិការលើកទឹកចិត្ត ដល់ប្អូនប្រុសទាំងពីរ និងលោកគ្រូ ដែលខំប្រឹងប្រែងយ៉ាងខ្លាំងសកម្មក្នុងការអភិរក្ស និងផ្សព្វផ្សាយគុណខ្មែរយើងទៅកាន់ពិភពលោក គុណខ្មែរខ្លាំង….!

ជាចុងក្រោយ លោកឧកញ៉ាវ័យក្មេង ភូ ចាន់ដារិទ្ធ ក៏សូម សំណូមពរ ដល់បងប្អូនជនរួមជាតិទាំងអស់គ្នាបើកចិត្តទូលាយ គាំទ្រវិស័យកីឡាប្រដាល់ខ្មែរយើង ដោយលើកទឹកចិត្ត កីឡាកររបស់យើងស្មើរៗគ្នា ទោះក្នុងកាលៈទេសៈឈ្នះក្ដី ចាញ់ក្ដី សូមរិះគុណក្នុងន័យស្ថាបនា កុំជាន់ពន្លិច កុំក្ដិចត្រួយ។ ជាពិសេសលោកឧកញ៉ា ក៏សូមលើកទឹកចិត្តឲ្យប្អូនៗ កីឡាករយើងព្យាយាមហ្វឹកហាត់ យកចិត្តទុកដាក់ស្ដាប់តាម គ្រូបង្គោល ដើម្បីអាចសម្រេចបាននូវគោលដៅ យកបានជ័យជម្នះ ល្បីឈ្មោះសុះសាយ លើកមុខ លើកមាត់ប្រទេសជាតិយើងតរៀងទៅ។

ក្រោយផ្ដួលកីឡាករ សៃយុគ ភុមផាន់មួង របស់ថៃក្នុងទឹកទី១ ដោយបុកមួយកែងធ្វើឱ្យកីឡាករថៃបែកចិញ្ចើមធ្ងន់ធ្ងរ មិនអាចបន្តការប្រកួតបាន កូនសិស្សគុនលោកគ្រូ អេភូ ថង និងកូនចៅអ្នកស្រុកពាមរក៍ ខេត្តព្រៃវែង កីឡាករប្រដាល់ ធឿន ធារ៉ា បានជាប់ឈ្នះជាកីឡាករសាងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កីឡាករប្រដាល់របស់ខ្មែរ ដែលមានសមត្ថភាពអាចឈានទៅយកខ្សែក្រវាត់ និងពានរបស់ព្រះមហាក្សត្រថៃបានគួរជាទីមោទនភាព។

បន្ទាប់ពីឈ្នះ កំពូលកីឡាករថៃ សៃយុគ ភុមផាន់មួង ត្រឹមទឹក១ ធឿន ធារ៉ា ទទួលបានប្រាក់រង្វាន់លុយសុទ្ធប្រមាណ ១លានបាត ប្រហាក់ប្រហែលនឹង ១២០លានរៀល រួមជាពានមួយ និងខ្សែក្រវាត់មួយ បូកផ្សំជាមួយប្រាក់លើកទឹកចិត្តជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ក៏មានសប្បុរជន ជាច្រើនរូបនៅកម្ពុជា បានបន្តចូលរួមឧបត្ថម្ភថវិកា និងលើកទឹកចិត្តកីឡាករ ធឿន ធារ៉ា ជាហូរហែថែមទៀតផង៕