នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ លោកឧកញ៉ា អ៊ឹង ឃាង អគ្គនាយកក្រុមហ៊ុន អ៊ឹង ឃាង គ្រុប ឯ.ក និងជាសមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានសម្តែងការចូលរួមរំលែកទុក្ខ និងសោកស្តាយបំផុត ក្នុងគ្រោះថ្នាក់អគ្គិភ័យឆេះកាស៊ីណូ ហ្គ្រែនដាយអឺម៉ិន ស៊ីធី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដែលជាទីកន្លែង លោកឧកញ៉ាធ្លាប់មានអនុស្សាវរីយ៍បម្រើការងារជាក្មេងបើកទ្វារ និងយួរកាបូប នៅទីនោះ កាលពី ២០ឆ្នាំមុន។

លោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង បានបង្ហោះសារយ៉ាងដូច្នេះថា៖ “ខ្ញុំសូមចូលរួមរំលែកទុក្ខនិងសោកស្ដាយបំផុតក្នុងគ្រោះថ្នាក់អគ្គិភ័យឆាបឆេះកាស៊ីណូ ហ្រ្គែនដាយអឺម៉ិន ស៊ីធី ប៉ោយប៉ែត ជាកន្លែងដែលខ្ញុំធ្លាប់មានអនុស្សាវរីយ៍ជាច្រើននៅទីនោះ ហើយក៏ជាកន្លែងដែលខ្ញុំបានរៀនសូត្រ និងលត់ដំកែប្រែគ្រប់យ៉ាងផងដែរ។ ចូលរួមរំលែកទុក្ខ ពីខ្ញុំបាទ អតីតក្មេងបើកទ្វារនិងយួរកាបូបភ្ញៀវ (Bellboy) ឆ្នាំ២០០២..ពេលវេលា ២០ឆ្នាំគត់”។

ឧកញ៉ាបណ្ឌិត អ៊ឹង ឃាង ជាអ្នកជំនួញដ៏លេចធ្លោរវ័យក្មេងមួយរូប នាពេលបច្ចុប្បន្ន ហើយថ្មីៗនេះ លោកឧកញ៉ា ទើបបើកនូវគម្រោងរីសតនិងដីឡូត៌ ទេពី វ័ន (TEPY ONE) ជាប់គល់ស្ពានស្រែអំបិល ១២គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ គម្រោងរីសត និងដីឡូត៍នេះ មានទេសភាពមហាស្អាត និងបានបើកលក់តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។ គម្រោង មានរីសតជាប់មាត់ព្រែក ហាងអាហារ កាហ្វេ បារបារាំង។ល។ ជាពិសេសទេសភាពធម្មជាតិស្អាត សម្រាប់សាងសង់ផ្ទះលំហែកាយ ព្រមទាំងមានដីឡូត៌គ្រប់ទំហំ និងសម្រួលគ្រប់វីធីបង់ប្រាក់ផងដែរ។

សូមបញ្ជាក់ថា អគ្គិភ័យនៅកាស៊ីណូ ហ្គ្រែនដាយអឺម៉ិន ស៊ីធី ក្រុងប៉ោយប៉ែត (Grand Diamond City Poipet) បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង ដែលធ្វើឱ្យមានមនុស្សស្លាប់ជាង ១០នាក់ និងរបួសរាប់សិបនាក់៕


