លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jes’t Group & 7NG យល់ឃើញថា ការប្រើជីវិតបែបស្ងៀមស្ងាត់ គឺល្អបំផុត ហើយកុំចង់ឈ្នះជាមួយមនុស្សមិនចង់ចាញ់ និងកុំរស់នៅក្រោមការផ្ចាញ់ផ្ចាលជាមួយនឹងមនុស្សមិនបានការ។ បន្ថែមពីនេះ អ្វីដែលគួរធ្វើបន្តក្នុងឆាកជីវិត គឺត្រូវថែរក្សាមិត្តភាព មនុស្សល្អៗនៅជិតខ្លួនឱ្យបានល្អ។

លោកឧកញ៉ា ម្ចាស់តំបន់កម្សាន្តស្កាយលែន ៧អ៉ិនជី (7NG) បានបង្ហោះសារភ្ជាប់ជាមួយរូបភាពរបស់លោក ដែលកំពុងអង្គុយនៅកន្លែងមួយតែម្នាក់ឯង យ៉ាងដូច្នេះថា៖ “ស្ងៀមស្ងាត់គឺល្អបំផុត…ត្រូវរៀនកែប្រែជីវិត រៀនរស់នៅក្នុងជីវិតឱ្យរីករាយជាមួយមនុស្សនៅជិតខ្លួន មនុស្សដែលលះបង់ចំពោះអ្នក (កុំចង់ឈ្នះ ជាមួយមនុស្សមិនចង់ចាញ់ កុំរស់នៅក្រោមការផ្ចាញ់ផ្ចាលជាមួយមនុស្សមិនបានការក្នុងជីវិតអ្នក)។ អ្វីដែរគួរធ្វើបន្តក្នុងឆាកជីវិត គឺថែរក្សាមិត្តភាព មនុស្សល្អៗនៅជិតខ្លួនបានល្អ ..!”។
គួរបញ្ជាក់ថា លោកឧកញ៉ា ស្រី ចាន់ថន ក្រៅពីជោគជ័យនៅក្នុងមុខជំនួញរបស់លោក លោកតែងតែជួយការងារសប្បុរសធម៌ និងការងារសង្គមជាច្រើន តាមរយៈការបរិច្ចាគប្រាក់ជួយជនរងគ្រោះផ្សេងៗជាដើម។ លើសពីនេះ លោកឧកញ៉ា ក៏តែងតែចែករំលែកនូវទស្សនៈល្អៗ ដែលធ្វើឱ្យលោកជោគជ័យ ជូនដល់សាធារណជន ទុកជាមាគ៌ាបង្ហាញផ្លូវក្នុងជីវិត។

កាលដើមសប្តាហ៍កន្លងទៅនេះ លោកឧកញ៉ា ស្រី ចាន់ថន ក៏បានលើកឡើងនូវទស្សនៈដ៏ល្អមួយផងដែរថា ធ្វើដំណើរដ៏សែនឆ្ងាយ អ្វីដែលត្រូវសន្សំគឺ ចំណេះដឹង ទំនាក់ទំនងល្អ ត្រៀមលុយ ហើយវិនិយោគ។ ជាពិសេស ត្រូវគិតគូពីបញ្ហាសុខភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត ឱ្យបានល្អ៕