ក្នុងឱកាសបើកទំព័រថ្ងៃថ្មី ឆ្នាំថ្មី ២០២៣នេះ លោកឧកញ៉ា អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុន គ្រួសារកក់ក្តៅ (Krousar Korkdao Co.,Ltd) បានផ្តល់ជាអនុសាសន៍ថា យើងទាំងអស់គ្នា ត្រូវតែរៀបចំរឿង៤យ៉ាងគឺ ជំនួញ លំហូរសាច់ប្រាក់ ពេលវេលា និងសុភមង្គលក្នុងគ្រួសារ ឱ្យបានល្អបំផុត ទើបជីវិតមានក្តីសុខ។

លោកឧកញ៉ា បានលើកឡើងលើបណ្តាញសង្គមរបស់លោកថា រកលុយបានច្រើនមិនប្រាកដថាមានក្តីសុខ បើសិនអ្នក មិនចេះរៀបចំលុយឱ្យបានត្រឹមត្រូវ, មានអាជីវកម្មច្រើនមិនប្រាកដថាអ្នកជោគជ័យ បើសិនអ្នក មិនទាន់ចេះរៀបចំវាឱ្យបានល្អ, មានផ្ទះធំមិនប្រាកដថាអ្នកដេកបានស្រួល បើអ្នកមិនទាន់មានពេលដេកនៅឡើយ, មានគ្រួសារពេញលេញ មិនប្រាកដថាអ្នកមានសុភមង្គល បើអ្នកមិនទាន់មានពេលវេលានៅជាមួយពួកគាត់នៅឡើយ។
លោកឧកញ៉ា បានបន្តថា ឆ្លងកាត់ការលំបាកបំផុតនៅក្នុងដំណាក់កាលនីមួយៗក្នុងឆ្នាំ២០២២ បានធ្វើឱ្យលោកកាន់តែដឹងថា លោកនៅមិនទាន់បានដឹងនូវរឿងជាច្រើន ទើបធ្វើឱ្យលោក មានភាពយឺតយ៉ាវក្នុងការរៀបចំជីវិតឱ្យមានភាពងាយស្រួល។ លោកឧកញ៉ា បានបន្ថែមយ៉ាងដូច្នេះថា៖ “សូមត្រៀមខ្លួនស្វាមន៍ឆ្នាំថ្មី ២០២៣ ទាំងអស់គ្នា ជាមួយនឹងការរៀបចំ ទាំងជំនួញ ទាំងលំហូរសាច់ប្រាក់ ទាំងពេលវេលា ទាំងសុភមង្គលគ្រួសារឱ្យបានល្អបំផុត ទើបជីវិតមានក្តីសុខបំផុត”។

សូមជម្រាបជូនថា ឧកញ៉ា អ៊ុច សម្បត្តិ ជាម្ចាស់ក្រុមហ៊ុន គ្រួសារកក់ក្ដៅ ដែលជាក្រុមហ៊ុនផលិតចែកចាយគ្រឿងសម្អាង និងលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញដ៏ធំមួយប្រចាំកម្ពុជា។ ក្រុមហ៊ុននេះ បង្កើតឡើង កាលខែមិថុនា ឆ្នាំ២០១៥ ដោយឧកញ៉ា អ៊ុច សម្បត្តិ និងភរិយាលោកជំទាវ ហ៊ឹម សុភ័ក្រ ហើយរហូតដល់បច្ចុប្បន្នមានបណ្ដាញចែកចាយរាប់ម៉ឺននាក់ទូទាំងប្រទេស ខណៈដែលនៅឆ្នាំ២០២២ ក្រុមហ៊ុនបានពង្រីកវិសាលភាពបន្ថែមទៅក្រៅប្រទេស។ សម្រាប់ផលិតផលរបស់ក្រុមហ៊ុន គ្រឿងសម្អាងគ្រួសារកក់ក្ដៅ គឺផ្តោតសំខាន់លើ ការថែរក្សាសម្រស់មួយតួខ្លួនរបស់ស្រី្តតែម្តង៕