ក្រុមហ៊ុនអ្នកឧកញ៉ា ជឹង សុគន្ធាវី ទទួលបានដីឧទ្យានជាតិគិរីរម្យជាង ២០០ហិកតា

ជុំវិញ​ឧកញ៉ា

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច​កាត់​ឆ្វៀល​ដី​ឧទ្យានជាតិ​គីរីរម្យ​ជាង​២​រយ​ហិកតារ​ (២២១.៩៤) ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជនមួយរបស់កូនលោកស្រីឧកញ៉ា ជឹង សុភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុក្រឹត្យរាជរដ្ឋាភិបាល ចំនួនពីរទំព័រចុះហត្ថលេខាដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ​បានកាត់​ឆ្វៀល​ដី​ទំហំ​ជាង​២​រយ​ហិកតារ​ចេញ​ពី ឧទ្យាន​ជាតិ​ព្រះសុរាម្រិត ឬ​ហៅថា ឧទ្យានជាតិ​គីរីរម្យ ស្ថិតនៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ប្រគល់ឱ្យទៅ​ក្រុមហ៊ុន វ៉នម៉រ លីមីតធីត (ONE MORE Ltd.) ​ដើម្បី​បន្ត​រៀបចំ​បំពេញ​បែបបទ​នីតិវិធី​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ។

ក្រុមហ៊ុន វ៉នម៉រ លីមីតធីត ត្រូវបានគេ​ស្គាល់​ថា​ មានអ្នកស្រីអ្នកឧកញ៉ា ជឹង សុគន្ធាវី ដែល​ជា​កូនស្រី​បង្កើត​របស់​អ្នកស្រីឧកញ៉ា ជឹង សុភាព ហៅ​យាយ​ភូ គឺជា​អគ្គ​នាយ​កា​ក្រុមហ៊ុន វ៉នម៉រ លីមីតធីត។

ក្រុមហ៊ុន​ វ៉នម៉រ មានបុត្រ​សម្ព័ន្ធ​មួយ​គឺ​ក្រុមហ៊ុន អិនវីស៊ី ខុបភើរេសិន​ (NVC Cooperation) ​ផលិត​ទឹក​វីតាល់ ក្រុមហ៊ុន​ផលិត​មី​ជាតិ ភោជនីយដ្ឋាន និង​សហគ្រាស​ឱសថ​កកម្ពុជាផងដែរ។ អ្នកស្រីអ្នកឧកញ៉ា ជឹង សុគន្ធាវី ជាកូនប្រសារឧកញ៉ា ឡាវ ម៉េងឃីន ស្វាមីអ្នកស្រីគឺអតីតឧកញ៉ា ឡាវ វ៉ាន់ បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមជម្រាបថា ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ កាលពី​ឆ្នាំ​១៩៩៣ ព្រះអង្គ​បាន​កំណត់​តំបន់​គីរីរម្យ​ដែល​មាន​ផ្ទៃដី​ជាង ៣៥.០០០​ហិកតារ ជា​តំបន់​ឧទ្យាន​ជាតិ ដើម្បី​ថែរក្សា​ធនធានធម្មជាតិ និង​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ដោយ​មិន​ឲ្យ​ខូចខាត​ដល់​បរិស្ថាន​ឡើយ​។ ភ្នំ​គីរីរម្យ​ស្ថិត​នៅ​ក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នេះ ត្រូវ​បាន​សម្ពោធ​ដាក់​ទៅជា​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត កុសមៈ កាល​ពី​ខែ​មិថុនា ឆ្នាំ​១៩៩៥ ដើម្បី​រក្សា​ទុកជា​តំបន់​អភិរក្ស៕