អ្នកឧកញ៉ា ហ៊ី គឹមហុង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ពិភពដីមាស គ្រុប បានដឹកនាំថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ពិភពដីមាស អញ្ជើញចូលគាល់ព្រះមហាក្សត្រ ស្ថិតនៅក្នុងព្រះបរមរាជវាំង កាលពីថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីមួយនេះ ដែលបានទទួលការប្រោសព្រះរាជទាន និងព្រះបរមរាជានុញ្ញាតិចូលគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា រួមមាន៖ អ្នកឧកញ៉ា ហ៊ី គឹមហុង និងលោកស្រី សាន សុទ្ធាវិន, ឧកញ៉ា ថូ វុទ្ធី និងលោកស្រី ភន ភាវី, ឧកញ៉ា ហ៊ី វាសនា និងលោកស្រី នៅ ពង្សរាសី និងឧកញ៉ា ចេង សង្ហាក់ ព្រមទាំងលោកស្រី ប៉ន ស្រីរដ្ឋ។

ស្ថិតនៅក្នុងឱកាសនោះ អ្នកឧកញ៉ា ហ៊ី គឹមហុង និងសហការី បានថ្វាយតង្វាយជាអង្ករចំនួន ២០តោន និងថវិកាចំនួន ១០០ លានរៀល សម្រាប់ចូលរួមចំណែកក្នុងព្រះរាជកិច្ចមនុស្សធម៌ជាមួយប្រជារាស្ត្រនៅតាមមូលដ្ឋានជនបទដាច់ស្រយាល ដែលព្រះអង្គតែងតែបានយាងសួរសុខទុក្ខដល់លំនៅដ្ឋានជាដើម៕


