លោកឧកញ៉ា ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម និងឧកញ៉ា អ៊ឹង លីហេង ប្រធានក្រុមហ៊ុន H&L Group Co.,LTD គឺជាផលិតករភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» ដែលទើបនឹងថតចប់ និងគ្រោងសម្ពោធចាក់បញ្ចាំងសាច់រឿងទាំងមូលជាផ្លូវការ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ចុងសប្តាហ៍នេះ។

ភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» និពន្ធទំនុកច្រៀងក្រោមស្នាដៃដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ភាពយន្តចម្រៀង ដែលថតបែបទិដ្ឋភាពនៅសម័យប៉ុល ពត នេះ ដឹកនាំសម្តែងដោយ លោក ហ្វៃ សំអាង ខណៈដែលលោកជំទាវ ចន ច័ន្ទលក្ខិណា ជាអ្នកគ្រប់គ្រងការផលិត។ ក្នុងនោះផងដែរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានជួយឧបត្ថម្ភជាសម្ភារៈ និងកាមេរ៉ាថត។

ភាពយន្តចម្រៀងប្រវត្តិសាស្ត្រមួយនេះ មានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនដូចជា លោក ប៉ាន់ ខែមម៉ានូ កញ្ញា ឈិន មុនីនាថ លោក អ៊ុន សិទ្ធា លោក លឹម រដ្ឋា លោក ណាខុន កញ្ញា យ៉ែម ស្រី ពេជ្រ អ្នកនាង ស្វែង សុជាតា លោក ប៉ែន ចំរុង ព្រមទាំងតារាជាច្រើនដួងទៀត។

តាមការបញ្ជាក់របស់លោកឧកញ៉ា ហេង ឡុង បានឱ្យដឹងថា ភាពយន្តចម្រៀង “ទុក្ខស្រីប្តីព្រាត់” នឹងដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាចនៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ យ៉ាងណាមិញ បងប្អូនអាចរង់ចាំទស្សនាការសម្ពោធចាក់បញ្ចាំងសាច់រឿងទាំងមូលជាផ្លូវការនៅក្នុងផេកសម្តេចតេជោ, Fresh News, TVK និងផេក BTV បានផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” ដែលមានលោកឧកញ៉ា ហេង ឡុង ជាផលិតករ និងលោក ហ្វៃ សំអាង ជាអ្នកដឹកនាំរឿងដែរនោះ បានសម្ពោធចាក់ផ្សាយជាសាធារណៈ បន្ទាប់ពីសម្រិតសម្រាំងផលិតអស់ពេលជិត ១ឆ្នាំ និងចំណាយថវិកាផលិតអស់ជាង ១២ម៉ឺនដុល្លារ៕


សូមទស្សនាវីដេអូខាងក្រោម៖