អ្នកឧកញ៉ា សុខ គង់ អមដំណើរលោក ជា សុផារ៉ា អុជធូប២កន្លែងសំខាន់ៗ លើភ្នំបូកគោ ព្រឹកនេះ

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣នេះ ​​អ្នកឧកញ៉ា សុខ គង់ ប្រធាន​ក្រុម​ហ៊ុន សុខា អូតែល ​​បាន​អញ្ជើញ​អម​ដំណើរ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​​​ព្រម​ទាំង​លោក​ជំទាវ និង​ថ្នាក់ដឹកនាំ​ក្រសួង​ជា​ច្រើន​នាក់​ទៀត អុជ​ធូប​ថ្វាយគ្រឿង​សក្ការៈ​បូជា ដើម្បី​សុំ​សេចក្តីសុខ​សេចក្តី​ចម្រើន ពី​លោក​យាយម៉ៅ និង​អ្នក​តាភ្នំ ស្ថិត​នៅ​លើ​ភ្នំ​បូកគោ ក្រុងបូកគោ ខេត្ត​កំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីនេះ ធ្វើឡើង​នៅ​មុន​ពេល​ការ​សម្ពោធ​សៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់» និង​​ពិធី​បើក​ការដ្ឋាន​សាងសង់ព្រះពុទ្ធ​បដិមា​ខ្ពស់​ជាងគេ លើពិភពលោក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ស្អែក​នេះ។

បើតាមឧត្ដមសេនីយ៍ផ្កាយ៣ ងិន បាណាល់ កូន​ប្រសារ​អ្នកឧកញ៉ា សុខ គង់ បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​០១ ខែមករា ថា សៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់» នឹងសម្ពោធ​ជាផ្លូវការ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅទីតាំងភ្នំបូកគោ ខេត្តកំពត។ ក្នុងពិធីសម្ពោធនេះ​នឹងមានការ​ចូលរួម​ពីអ្នកឧកញ៉ាបណ្ឌិតផ្ទាល់ ភ្ញៀវជាតិ-អន្តរជាតិ រួមទាំងក្រុមការងារតាក់តែងនិពន្ធផងដែរ។ ជាមួយគ្នានេះ​កម្មវិធីក៏មានចាក់បញ្ចាំងខ្សែវីដេអូស្តីអំពីប្រវត្តិ និងសម្រង់ប្រសាសន៍សំខាន់ៗរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ទៀត​ផង។

យ៉ាងណាមិញ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​នឹង​អញ្ជើញ​​ធ្វើ​ជា​អធិបតី​​ក្នុងពិធី​បើក​ការដ្ឋាន​សាងសង់ព្រះពុទ្ធ​បដិមា​ខ្ពស់​ជាងគេ លើពិភពលោក នៅ​ថ្ងៃទី​០៤ ខែមករា តប​តាម​ការ​អញ្ជើញ​របស់​អ្នកឧកញ៉ា សុខ គង់។

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល ធ្លាប់បានបញ្ជាក់ថា ព្រះពុទ្ធបដិមានេះមានកំពស់១០៨ម៉ែត្រ ទ្រង់ភ្នែន ដែលកំពស់នេះ គិតចាប់តាំងពីបល្ល័ង្កខាងក្រោម រហូតដល់ចុងកេសារបស់ព្រះពុទ្ធបដិមា ដែលនឹង​ចំណាយរយៈពេលសាងសង់ចំនួន ៤ឆ្នាំ និងចំណាយប្រាក់ចន្លោះពី៣០លានដុល្លារ ទៅ៤០លានដុល្លារ​អាមេរិក។

អ្នកឧកញ៉ា សុខ គង់ ត្រូវបានគេស្គាល់ថា ជាពាណិជ្ជករចាស់វស្សា​ដ៏​ជោគជ័យ​មួយ​រូប​ និង​កំពុង​​ក្តោបក្តាប់មុខ​ជំនួញប្រាក់ពាន់​លាន​នៅក្នុងដៃ ដែលលោក​ចាប់ផ្តើមចេញរកស៊ី ពីមាសត្រឹមតែមួយជីដោយចាប់មុខរបប​ជាអ្នក​ផលិតកង់កៅស៊ូ​នៅរាជធានីភ្នំពេញ។ លោកជាមហាសេដ្ឋីមួយរូប និងជាមនុស្សដ៏មានឥទ្ធិពល​ក្នុងចំណោមអ្នក​ជំនួញ​ជាច្រើន​រូបទៀត ឬអាចនិយាយបានថា ជាគ្រាប់អុកសេដ្ឋកិច្ចមួយរូប ដែលកំពុងរកស៊ីនៅប្រទសកម្ពុជា៕