លោកឧកញ៉ាបណ្ឌិត ជា រតនា ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងភរិយា ឧកញ៉ា លីហៀក រតនា ព្រមទាំងឧកញ៉ា សុខ វណ្ណា និងភរិយា លោកជំទាវ ចាន់ សុទ្ធី នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានបន្តនាំយករថយន្តសង្គ្រោះបន្ទាន់ ចំនួន ៣គ្រឿង ជូនដល់កងទ័ព៣អង្គភាពផ្សេងៗគ្នា។
ពិធីប្រគល់ទទួលរថយន្តសង្គ្រោះបន្ទាន់នេះ បានធ្វើឡើងនៅវិទ្យាស្ថានកងទ័ពជើងគោក។ រថយន្តសង្គ្រោះទាំង៣គ្រឿងនេះ គឺជារថយន្តសង្គ្រោះទី ៥៣, ៥៤, ៥៥ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ រថយន្តសង្គ្រោះទាំង៣គ្រឿង បានប្រគល់ជូន៖ ១)វិទ្យាស្ថានកងទ័ពជើងគោក (មួយគ្រឿង), ២)បញ្ជាការដ្ឋានកងទ័ពជើងទឹក (មួយគ្រឿង) និង៣)បញ្ជាការដ្ឋានរថក្រោះ (មួយគ្រឿង)។
លោកឧកញ៉ាបណ្ឌិត ជា រតនា សង្ឃឹមថា រថយន្តសង្គ្រោះទាំងនេះ ជាការរួមចំណែកដ៏សំខាន់បន្ថែមទៀត ក្នុងការជួយដោះស្រាយតម្រូវការរបស់កងទ័ព ហើយក៏ជួយបម្រើកិច្ចការសង្គ្រោះប្រជាពលរដ្ឋទូទៅ ជាពិសេស អាចប្រើប្រាស់គ្រប់សកម្មភាព ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋដូចជា៖ គ្រោះថ្នាក់ចរាចរណ៍ និងសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយផ្សេងៗជាដើម។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលឧកញ៉ា ជា រតនា នាំយករថយន្តសង្គ្រោះជូនដល់កងទ័ព។ ជាក់ស្តែង កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧកញ៉ាបណ្ឌិត ក៏បាននាំយករថយន្តសង្គ្រោះបន្ទាន់ គ្រឿងទី៥១ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ កងទ័ពជើងទឹក ខេត្តកំពង់ស្ពឺ ដើម្បីទុកបម្រើសេវាសុខភាពសាធារណៈ ជូនពលរដ្ឋមូលដ្ឋានឱ្យកាន់តែល្អប្រសើរផងដែរ៕