លោកឧត្តមសេនីយ៍ឯកបណ្ឌិត ងិន បាណាល់ កូនប្រសាររបស់អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប បានថ្លែងឱ្យដឹងពីលក្ខណៈពិសេសមួយចំនួន នៃសៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» ដែលបានធ្វើពិធីសម្ពោធ នៅលើភ្នំបូកគោ នារសៀលថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣ នេះ។

លោកបណ្ឌិត ងិន បាណាល់ ក្នុងនាមជាអ្នកដឹកនាំ និងសម្របសម្រួលការចងក្រងសៀវភៅខាងលើនេះឡើង បានឡើងថ្លែងសុន្ទរកថា និងរបាយការណ៍ ឱ្យដឹងថា សៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» គឺលោក និងក្រុមការងារព្រមទាំងអ្នកនិពន្ធ បានខិតខំស្រាវជ្រាវ អស់រយៈពេលជាង ២ឆ្នាំមកហើយ។ ការចងក្រងសៀវភៅនេះ បានប្រើវិធីសាស្ត្រមួយចំនួនដូចជា ជួបសម្ភាសផ្ទាល់ជាមួយអ្នកឧកញ៉ា ដែលជាតួអង្គឯកនៅក្នុងសៀវភៅនេះ និងបានជួបសម្ភាសជាមួយអ្នកពាក់ព័ន្ធជាមួយអ្នកឧកញ៉ា ដូចជា សមាជិកក្រុមគ្រួសារ អ្នកធ្លាប់បំពេញការជាមួយអ្នកឧកញ៉ាជាដើម។

លោកបណ្ឌិត បានបន្តថា អ្នកនិពន្ធបានប្រើវិធីសាស្រ្ត ពីរក្នុងការសរសេរសៀវភៅនេះ គឺវិធីសាស្រ្តទី១ សរសេរតាមបែបបុរសទី១ ដើម្បីរៀបរាប់រឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ា ពោលគឺ អ្នកអានសៀវភៅនេះនឹងយល់ថាអ្នកឧកញ៉ាកំពុងរៀបរាប់រឿងរ៉ាវទាំងឡាយ នៃជីវិតរបស់លោកប្រាប់អ្នកអានដោយផ្ទាល់ ដែលអាចធ្វើឱ្យអ្នកអានហាក់ស្ថិតនៅក្នុងព្រឹត្តិការណ៍ជីវិត លេចឡើងនូវរូបារម្មណ៍ផ្សេងៗ ដូចជា ភាពជូរចត់ ការភិតភ័យ ក្ដីរីករាយ លាយឡំមនោសញ្ចេតនា ទៅតាមការពិពណ៌នារឿងរ៉ាវ។ ចំណែកវិធីសាស្រ្តទី២ គឺសរសេរតាមបែបបុរសទី៣ មានន័យថា អ្នកនិពន្ធដកស្រង់ប្រសាសន៍របស់អ្នកឧកញ៉ាមកជម្រាបជូនអ្នកអានឱ្យបានយល់ និងបានដឹងអំពីទ្រឹស្ដីជំនួញ ការគ្រប់គ្រងពាណិជ្ជកម្ម និងការដឹកនាំគ្រប់គ្រងបុគ្គលិកជាដើម។

ស្វាមីរបស់លោកជំទាវ សុខ ចន្ធូ បានសង្កត់ធ្ងន់បន្ថែមថា អត្ថន័យទាំងស្រុងនៅក្នុងសៀវភៅនេះគឺផ្អែកលើការពិត សច្ចភាព និងតាមបែបផែននៃវិទ្យាសាស្រ្តសិក្សាស្រាវជ្រាវយ៉ាងពិតប្រាកដ។ ព្រឹត្តិការណ៍ កាលបរិច្ឆេទ រូបភាព និងទិន្នន័យផ្សេងៗ សុទ្ធតែត្រូវបានផ្ទៀងផ្ទាត់ដោយយកចិត្តទុកដាក់បំផុត។ គ្រប់ពាក្យពេចន៍ គ្រប់ឃ្លាប្រយោគសុទ្ធតែត្រូវបានសម្រិតសម្រាំង មុននឹងសម្រេចដាក់បញ្ចូលទៅក្នុងសៀវភៅនេះ។ សេចក្ដីរៀបរាប់នៅក្នុងសៀភៅនេះ មិនមែនជាសាច់រឿងប្រលោមលោក ដែលកើតចេញពីអ្នកនិពន្ធទេ ប៉ុន្ដែវាជាព្រឹត្តិការណ៍ពិតមួយ ដែលមានតួអង្គឯក គឺអ្នកឧកញ៉ាបណ្ឌិត សុខ គង់ និងលោកជំទាវ គឹម ឡេង។

យ៉ាងណាមិញ លោកបណ្ឌិត ងិន បាណាល់ សង្ឃឹមថា សៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់» នេះ នឹងបានជាប្រយោជន៍សម្រាប់អ្នកសិក្សាសា្រវជ្រាវ និងទុកជាកេរ្តិ៍ដំណែលដល់អ្នកជំនាន់ក្រោយ ដែលមានចិត្តចង់ឈ្វេងយល់ និងដកពិសោធន៍ពីអ្នកឧកញ៉ា ដែលជារៀមច្បងចុះស្នាម មានបទពិសោធន៍អនុវត្តជាក់ស្ដែងយូរឆ្នាំលើវិថីជំនួញប្រកបដោយជោគជ័យ៕

