សៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» ដែលបានធ្វើពិធីសម្ពោធជាផ្លូវការ នៅលើភ្នំបូកគោ នារសៀលថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ គឺមិនមែនចងក្រងឡើង ក្នុងគោលបំណងដើម្បីស្វែងរកប្រាក់ចំណេញនោះទេ ប៉ុន្តែក្នុងគោលបំណងដើម្បីអាចក្លាយជាត្រីវិស័យសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ពិសេសជាប្រយោជន៍ដល់យុវជន ក្នុងការក្រេបជញ្ជក់យកចំណេះដឹងសម្រាប់ការរស់នៅ និងការប្រកបមុខរបរក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ នេះបើតាមការបញ្ជាក់ពី បណ្ឌិត ងិន បាណាល់ កូនប្រសាររបស់អ្នកឧកញ៉ា សុខ គង់។

លោកបណ្ឌិត ងិន បាណាល់ ក្នុងនាមជាអ្នកដឹកនាំ និងសម្របសម្រួលការចងក្រងសៀវភៅខាងលើនេះ បានឱ្យដឹងថា ក្រុមអ្នកនិពន្ធ បានចងក្រងយ៉ាងសម្រិតសម្រាំងនូវខ្លឹមសារប្រកបដោយគុណតម្លៃ អស់រយៈពេលជាង ២ឆ្នាំ ទម្រាំសៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់» បានសម្រេចជាស្ថាពរ និងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។

លោកបណ្ឌិត បានបន្តថា សៀវភៅទាំងមូល គឺផ្ដោតលើខ្លឹមសារអប់រំ តម្រង់ទិស ចក្ខុវិស័យ យុទ្ធសាស្រ្តគ្រប់គ្រងជំនួញ គន្លឹះដឹកនាំធនធានមនុស្ស និងសម្រង់សំដីប្រកបដោយគតិបណ្ឌិត ដែលឆ្លុះបញ្ចាំងពីបទពិសោធន៍របស់អ្នកឧកញ៉ាបណ្ឌិត ដែលនាំមកនូវភាពជោគជ័យរហូតមក ដែលអាចក្លាយជាត្រីវិស័យសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ពិសេសយុវជនអាចក្រេបជញ្ជក់យកចំណេះដឹងជាប្រយោជន៍សម្រាប់ការរស់នៅ និងមុខរបរក្នុងពេលបច្ចុប្បន្ន និងអនាគតផងដែរ។

ឧត្តមសេនីយ៍ឯកបណ្ឌិត ងិន បាណាល់ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ “សៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់» បានចងក្រងឡើងដោយមិនរកប្រាក់ចំណេញ និងបានបោះពុម្ពជាលើកដំបូងចំនួន ១.០០០ក្បាល គ្រោងនឹងដាក់តម្កល់នៅបណ្ណាគារជាតិ តាមបណ្ណាគារធំៗ និងតាមបណ្ណាល័យក្នុងសាកលវិទ្យាល័យមួយចំនួន”។

ជាមួយគ្នានេះ លោកបណ្ឌិត ងិន បាណាល់ ស្វាមីរបស់លោកជំទាវ សុខ ចន្ធូ សង្ឃឹមថា សៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់ អ្នកឧកញ៉ាបណ្ឌិត សុខ គង់» នេះ នឹងបានជាប្រយោជន៍សម្រាប់អ្នកសិក្សាសា្រវជ្រាវ និងទុកជាកេរ្តិ៍ដំណែលដល់អ្នកជំនាន់ក្រោយ ដែលមានចិត្តចង់ឈ្វេងយល់ និងដកពិសោធន៍ពីអ្នកឧកញ៉ា ដែលជារៀមច្បងមានបទពិសោធន៍អនុវត្តជាក់ស្ដែងយូរឆ្នាំលើវិថីជំនួញប្រកបដោយជោគជ័យ៕


