លោកឧកញ៉ា ភូ ចាន់ដារិទ្ធ អគ្គនាយកក្រុមហ៊ុន PCDR Co., Ltd និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ SR Real Estate បានផ្តល់ជាអនុសាសន៍ថា កុំរំពឹងខ្ពស់តែលើឆ្នាំថ្មីពេក បើសកម្មភាពរបស់អ្នកនៅតែដដែល នោះលទ្ធផលក៏នៅតែដដែលដូចគ្នា ដូច្នេះជាវិធីសាស្ត្រល្អគឺ ត្រូវតែផ្លាស់ប្តូរសកម្មភាព ផ្លាស់ប្តូរទម្លាប់ ទើបទទួលបានលទ្ធផលថ្មី។

ប្រធានប្រឹក្សាយោបល់សមាគមរាជសីហ៍ សាខាខេត្តកំពង់ស្ពឺ រូបនេះ បានលើកឡើងលើបណ្តាញសង្គម កាលពីថ្ងៃពុធម្សិលមិញ យ៉ាងដូច្នេះថា៖ “កុំរំពឹងខ្ពស់តែលើឆ្នាំថ្មីពេក បើសកម្មភាពរបស់អ្នកនៅតែដដែល នោះលទ្ធផលក៏នៅតែដដែលដូចគ្នា! សម័យនេះហើយ មិនអាចផ្ដេកផ្ដួលតែលើព្រេងវាសនាបានទេ មិនអាចធ្វើបុណ្យ ១ដុល្លារ ប្រាថ្នាលុយ ១០លានដុល្លារបានទេ ធ្វើបែបហ្នឹង កុំថាឡើយទេវតាគិតថាមិនសម ខ្ញុំក៏យល់ថាវាមិនយុតិ្តធម៌ដែរ! ផ្លាស់ប្ដូរសកម្មភាព ផ្លាស់ប្ដូរទម្លាប់ ទើបទទួលបានលទ្ធផលថ្មី”។

សូមជម្រាបជូនថា លោកឧកញ៉ា ភូ ចាន់ដារិទ្ធ ជាឧកញ៉ាវ័យក្មេងមួយរូប កំពុងប្រកបមុខជំនួញលើពហុវិស័យ និងមានតួនាទីជាច្រើនក្នុងការងារសង្គមផ្សេងទៀតផងដែរ។ តាមរយៈការខិតខំប្រឹងប្រែងប្រកបមុខជំនួញជាច្រើនឆ្នាំ ព្រមទាំងការចូលរួមកិច្ចការងារជួយសង្គមជាច្រើនផងនោះ លោក ភូ ចាន់ដារិទ្ធ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់រូបលោក កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២៕
