ឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង សម្រាប់អាណត្តិទី១ លើកទី២នេះ ជាបន្តទៀត តាមរយៈលទ្ធផលបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង អាណត្តិទី១ លើកទី២ នៅមន្ទីពាណិជ្ជកម្មខេត្តបាត់ដំបង កាលពីថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣។

ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង អាណត្តិទី១ លើកទី២ ក៏មានការអញ្ជើញចូលរួមពី លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងអាណត្តិបន្ត ក្រោមអធិបតីភាពលោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ កែវ ដាណា អភិបាលរង នៃគណៈអភិគណៈខេត្តបាត់ដំបង ព្រមទាំងលោក លោកស្រីប្រធានមន្ទី អង្គភាពពាក់ព័ន្ធក្នុងខេត្ត។ ក្នុងនោះ បេក្ខជនឈរឈ្មោះបោះឆ្នោតមានចំនួន ១០រូប និងអាជីវករចុះឈ្មោះអ្នកបោះឆ្នោតចំនួន ៣៣៣នាក់។

ជាលទ្ធផល មានអ្នកអញ្ជើញមកចូលរួមបោះឆ្នោតសរុបចំនួន ២៤៨ នាក់ ដែលស្មើរនឹង ៧៤.៤៧%។ គណៈកម្មការៀបចំការបោះឆ្នោតជ្រើសរើសបានសមាជិកជ្រើសតាំងចំនួន៧រូប ដើម្បីបំពេញបន្ថែមសមាជិកចាស់ ដែលនៅក្នុងអាណត្តិចំនួន៨រូបបង្គ្រប់ចំនួន១៥រូប។ ដោយមើលឃើញនូវការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ ឧកញ៉ ភួ វាសនា ក្នុងមួយអាណត្តិកន្លងមក លោកឧកញ៉ា ត្រូវបានសមាជិក សមាជិកាបោះឆ្នោតគាំទ្រជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង សម្រាប់អាណត្តិទី១ លើកទី២នេះជាបន្តទៀត។

សូមជម្រាបជូនថា លោក ភួ វាសនា គឺជាសហគ្រិនវ័យក្មេងមួយរូបនៅកម្ពុជា ហើយលោកនាយកប្រតិបត្តិនៃក្រុមហ៊ុន បៃតង កម្ពុជា ភីអិលស៊ី។ លោក ភួ វាសនា ប្រធានសភាពាណិជ្ជកម្មកម្ពុជាខេត្តបាត់ដំបង ត្រូវបានព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាប់បង្គាប់ផ្តល់គោរមងារជា ឧកញ៉ា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០៕

