ឧកញ៉ា ជា រតនា និងឧត្តមភរិយា គឺឧកញ៉ា លី លីហៀក ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» តាមព្រះរាជក្រឹត្យ នស/រកត/០១២៣/០០៩ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣។
ព្រះរាជក្រឹត្យផ្តល់គោរមងារអ្នកឧកញ៉ា ជូនដល់ឧកញ៉ា ជា រតនា និងឧកញ៉ា លី លីហៀក សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ឧកញ៉ាបណ្ឌិត ជា រតនា ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន SUN & MOON Group ជាអ្នកជំនួញដ៏ឆ្នើមមួយរូបនៅកម្ពុជា ហើយលោកត្រូវបានគេស្គាល់ថា ជាម្ចាស់សណ្ឋាគារលំដាប់ផ្កាយ៤ និងផ្កាយ៥ ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ក្រៅប្រកបមុខជំនួញធំៗលោកឧកញ៉ា ជា រតនា និងភរិយា ឧកញ៉ា លី ហៀក រតនា តែងតែចូលរួមជួយការងារសង្គមជាញឹកញាប់ ដូចជា ជួយបរិច្ចាគរថយន្តសង្គ្រោះបន្ទាន់រាប់សិបគ្រឿង ជាបន្តបន្ទាប់ទៅដល់មណ្ឌលសុខភាពដាច់ស្រយ៉ាលតាមខេត្តនានា និងជួយកសាងព្រះវិហារនៅតាមទីវត្តអារ៉ាមជាដើម។ បន្ថែមពីនេះ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ក៏មានតួនាទីមួយទៀត គឺជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕