លោកឧកញ៉ា ចាប ហុងលី ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា»។ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៣១ ចុះថ្ងៃទីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។

ការត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ខាងលើនេះ ត្រូវបានធ្វើឡើងដោយយោងតាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា ឧកញ៉ា ចាប ហុងលី បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខាង ស៊ាងលី ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក (KHANG SEANG LY PROPERTY DEVELOPMENT CO.,LTD) និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បន្ទាប់ពីអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចេញសេចក្តីតែងតាំង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០៕