ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺឧកញ៉ា លី ឃុនថៃ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យលេខ នស/ករត/០១២៣/០៣០ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។

ព្រះរាជក្រឹត្យផ្តល់គោរម្យងារអ្នកឧកញ៉ាដល់ ឧកញ៉ា លី ឃុនថៃ ធ្វើឡើងតបតាមសំណើក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
បច្ចុប្បន្នឧកញ៉ា លី ឃុនថៃ ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ហើយដែលកំពុងកាន់កាប់មុខតំណែង និងមានតួនាទីជាច្រើន ទាំងវិស័យរដ្ឋ និងឯកជន ដូចជាប្រធានសមាគមស្បែកជើងកម្ពុជា, ប្រធានកិតិ្តយសសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា (CTLA), សមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត, ប្រធានក្រុមហ៊ុន អាល់ហ្វា គ្រុប (ALPHA Group) និងប្រធានក្រុមប្រឹក្សាភិបាលធនាគារពាណិជ្ជ អាល់ហ្វា ម.ក ។

គួររំលឹកថា ឧកញ៉ា លី ឃុនថៃ ត្រូវបានគេកត់សម្គាល់ឃើញថា ជាឧកញ៉ាមួយរូបដែលមានភាពជិតស្និទជាមួយសម្តេចតេជោ ហ៊ុន សែន។ ជាក់ស្តែង កាលចូលឆ្នាំខ្មែរកន្លងទៅ លោកឧកញ៉ា បានអញ្ជើញចូលរួមទទួលទេវតាឆ្នាំថ្មីជាមួយសម្តេច ហ៊ុន សែន នៅភូមិគ្រឹះលំហែកាយមាត់សមុទ្រ ក្រុងព្រះសីហនុ។ យ៉ាងណាមិញ ថ្មីៗនេះ លោកឧកញ៉ា លី ឃុនថៃ ក៏បានអញ្ជើញចូលរួមអមដំណើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ខួបលើកទី៤៥ អាស៊ាន-អឺរ៉ុប ផងដែរ៕