អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល បានលើកឡើងថា កើតមកជាមនុស្ស គ្មានអ្វីលំបាកជាងរស់នៅក្នុងស្ថានភាពក្រីក្រតោកយ៉ាកនោះទេ ហើយពេលយើងក្រ កុំថាឡើយមានមិត្តភ័ក្តិល្អចង់រាប់អាន សូម្បីមុខក៏គេមិនចង់មើលដែរ។ ដូច្នេះដើម្បីឆ្លងផុតពីជីវិតក្រីក្រ មនុស្សគ្រប់គ្នាត្រូវតែចេះគិតគូ ប្រឹងប្រែងធ្វើការ ចេះសន្សំសំចៃប្រាក់កាស និងចេះចាយលុយឱ្យចំគោលដៅ មិនកំណាញ់ តែក៏មិនខ្ជេះខ្ជាយដែរ។

ថ្លែងក្នុងពិធីសម្ពោធសៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ អ្នកឧកញ៉ាបណ្ឌិត បានផ្តល់ជាអនុសាសន៍ណែនាំថា មិនថាមនុស្សធម្មតា ឬអ្នកធ្វើជំនួញនោះទេ ស្ថានភាពដែលលំបាកបំផុតសម្រាប់មនុស្ស គឺរស់នៅក្នុងជីវិតជាអ្នកក្រ ព្រោះថាពេលយើងក្រ កុំថាឡើយមានមិត្តភ័ក្តិល្អចង់រាប់អាន សូម្បីមុខក៏គេមិនចង់មើលដែរ។ ម្យ៉ាងទៀត ពេលយើងក្រ គេតិះដៀល គេថាឱ្យយ៉ាងម៉េចក៏ត្រូវដែរ បាត់បង់ជំនឿ ទំនុកចិត្ត និងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម។

អ្នកឧកញ៉ា បានបន្តថា ដើម្បីឆ្លងផុតជីវិតជាអ្នកក្រ គ្មានអ្វីសំខាន់ជាងការខិតខំប្រឹងប្រែងធ្វើការងារ តស៊ូអត់ធ្មត់ និងចេះសន្សំសំចៃនោះទេ។ ឧទាហរណ៍ បើរកបានដប់ ត្រូវចាយពីរ ទុកប្រាំបី ពិសេសកុំខ្ជេះខ្ជាយ ចាយឱ្យត្រូវតម្រូវការចាំបាច់ ហើយកុំធ្វើការមួយខែ សម្រាប់តែទៅញ៉ាំស្រាមួយដង ឬពីរដងអស់ឱ្យសោះ។

“យើងផឹករហូត ដល់ខ្លួនឯងអត់មានលុយ តែគេនៅមានផ្ទះ។ ចឹងបានថា គួរតែគិតខ្លួនឯង អនាគតយើងទៅយូរអង្វែង។ កុំខំធ្វើការចំណាយញើសឈាម ហើយឱ្យទៅគេវិញដដែលៗ ស៊ីផឹកមួយពេលអស់រលីង។ គ្មានអ្វីលំបាកជាងក្រនោះទេ អត់លុយហ្នឹងហើយទើបធ្វើឱ្យពិបាក ដូច្នេះមនុស្សយើងត្រូវខំប្រឹង ទោះបីជាមិនបានមានធ្វើជាសេដ្ឋីហ្នឹងគេឯង ក៏អាចគ្រប់គ្រាន់សម្រាប់ជីវភាពរបស់យើងដែរ”។ អ្នកឧកញ៉ាបណ្ឌិត បានបញ្ជាក់បន្ថែម។

សូមជម្រាបជូនថា អ្នកឧកញ៉ា សុខ គង់ ត្រូវបានគេស្គាល់ថា ជាពាណិជ្ជករចាស់វស្សាដ៏ជោគជ័យមួយរូប និងកំពុងក្តោបក្តាប់មុខជំនួញប្រាក់ពាន់លាននៅក្នុងដៃ ដែលលោកចាប់ផ្តើមចេញរកស៊ី ពីមាសត្រឹមតែមួយជី ដោយចាប់មុខរបរជាអ្នកផលិតកង់កៅស៊ូនៅរាជធានីភ្នំពេញ។ យ៉ាងណាមិញ អ្នកឧកញ៉ា នឹងចែករំលែកខ្លឹមសារអប់រំ តម្រង់ទិស ចក្ខុវិស័យ យុទ្ធសាស្រ្តគ្រប់គ្រងជំនួញ គន្លឹះដឹកនាំធនធានមនុស្ស និងសម្រង់សំដីប្រកបដោយគតិបណ្ឌិត ដែលឆ្លុះបញ្ចាំងពីបទពិសោធន៍របស់លោកផ្ទាល់ លម្អិតបន្ថែមជាច្រើនទៀត នៅក្នុងសៀវភៅមួយដែលមានចំណងជើងថា «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់»៕