លោក ប្រាក់ ប្រាកដ ជាអ្នករកស៊ីដ៏លេចធ្លោមួយរូបក្នុងទឹកដីខេត្តព្រះសីហនុ លើវិស័យអចលនទ្រព្យ ប៉ុន្តែលោកមិនសូវបង្ហាញឱ្យគេឯងដឹងឡើយនូវមុខជំនួញនានា។
លោក ប្រាក់ ប្រាកដ ជាអគ្គនាយកនៃនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បច្ចុប្បន្នជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលត្រូវបានតែងតាំងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦។ មុនទទួលការតែងតាំងដំណែងនោះ លោកជាអតីតប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ។
ទន្ទឹមនឹងនេះដែរ ក្រៅតែពីជាអ្នករកស៊ី ជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលហើយនោះលោកក៏ជាមានងារឧកញ៉ាផងដែរ ដែលត្រូវបានព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរម្យងារឧកញ៉ា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០២១៩/១៦៣។
សូមជម្រាបថា ឧកញ៉ា ប្រាក់ ប្រាកដ ក៏ធ្លាប់រងការចោទប្រកាន់ពីបទឆបោកប្រាក់ ១០ម៉ឺនដុល្លារ ឬប្រើអំពើពុករលួយក្នុងសំណុំរឿងរត់ការដោះដូរក្របខណ្ឌដំឡើងឋានន្តរស័ក្តពីនាយទាហានក្រសួងការពារជាតិ មកស្នងការរងខេត្តព្រះសីហនុ ក្របខណ្ឌក្រសួងមហាផ្ទៃ ហើយត្រូវបានតុលាការឃាត់ខ្លួន ប៉ុន្តែក្រោយមកត្រូវដោះលែងឱ្យមានសេរីភាពនៅក្រៅឃុំវិញ ដោយសារនៅពេលតំណាងអយ្យការបើកការស៊ើបសួរយ៉ាងល្អិតល្អន់ទៅ រកមិនឃើញឧកញ៉ា ប្រាក់ ប្រាកដ ពុំមានកំហុសទើបព្រះរាជអាជ្ញារងកាន់សំណុំរឿងនោះ សម្រេចឱ្យចុងចោទមានសេរីភាពបានវិលទៅផ្ទះវិញ៕