អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន រួមជាមួយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ជាឥស្សរជនតំណាងឱ្យកម្ពុជា ដែលគ្រោងនឹងចូលគាល់ សម្ដេច ប៉ាប ហ្វ្រង់ស៊ីស (Pope Francis) ប្រមុខវិហារគ្រិស្តរ៉ូម៉ាំងកាតូលិក នៅវិមានវ៉ាទីកង់ ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
ក្នុងដំណើរទស្សនកិច្ចឯកជនផ្លូវរដ្ឋនៅកាន់អឺរ៉ុប ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ អ្នកឧកញ៉ា បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ វេជ្ជបណ្ឌិត គួច ម៉េងលី បានព្រះរាជានុញ្ញាតចូលគាល់ សម្ដេចប៉ាប ហ្វ្រង់ស៊ីស នៅវិមានវ៉ាទីកង់ ប្រទេស អ៊ីតាលី ហើយអ្នកឧកញ៉ា នឹងអញ្ជើញចូលរួមកម្មវិធីពិសេសនៅប្រទេសម៉ូណាកូ ព្រមទាំងចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និសីទនៅទីក្រុងប៉ារីស លើប្រធានបទស្តីអំពី «ការកែប្រែជំនឿ នេក្ខម្មបារមី និងបរិស្ថានវិទ្យា»។
អ្នកឧកញ៉ា គួច ម៉េងលី បានថ្លែងប្រាប់ឧកញ៉ា ញូស៍ ឱ្យដឹងថា ក្នុងដំណើរបេសកកម្មទៅអឺរ៉ុបនេះ លោកនឹងចូលគាល់សម្តេច ប៉ាប ហ្វ្រង់ស៊ីស បន្ទាប់មកជួបព្រះមហាក្សត្រនៃប្រទេសម៉ូណាកូ ជាមួយនឹងអ្នកសាសនាផ្សេងៗទៀត ហើយនឹងមានការឡើងធ្វើសុន្ទរកថា ផ្តោតលើការចែករំលែកចំណេះដឹង ពាក់ព័ន្ធនឹងសាសនា និងបរិស្ថានវិទ្យា ដើម្បីសន្តិភាពរបស់ប្រជាជន។
អ្នកឧកញ៉ា បានបន្តថា លោកនឹងមានសុន្ទរកថាក្នុងជំនួបសំខាន់ៗនីមួយៗ អំពីប្រទេសខ្មែរ ទាក់ទងនឹងប្រជាជន សន្តិភាពរបស់ប្រទេស និងការផ្តោតលើសាសនា បរិស្ថានរបស់កម្ពុជា ហើយការចែករំលែកពីអ្វីដែលប្រទេសយើងបានខិតខំ និងបានធ្វើ ចូលរួមចំណែកជាមួយពិភពលោកក្នុងការការពារបរិស្ថាន ការលើកស្ទួចសាសនា និងដើម្បីផ្តោះប្តូរមិត្តភាព។
អ្នកឧកញ៉ា គួច ម៉េងលី បានបញ្ជាក់ថា៖ “នេះមិនមែនជាដំណើរកម្សាន្តទេ តែជាដំណើរទស្សនៈកិច្ចឯកជនរបស់រដ្ឋ។ នៅថ្ងៃទី១៩ យើងនឹងចូលរួមចូលគាល់ សម្ដេចប៉ាប ហ្វ្រង់ស៊ីស នៅវិមានវ៉ាទីកង់ ហើយក៏នឹងមានការប្តូរជាកាដូជាមួយតំណាងពីស្រុកខ្មែរទៅ។ ថ្ងៃទី២០ នឹងមានជួបជាមួយជនភៀសខ្លួន ហើយខ្ញុំនឹងចូលរួមបរិច្ចាគថវិកាចំនួន ៥០០០ដុល្លារ ដើម្បីជួយទៅដល់ជនភៀសខ្លួនដែលកាកបាទក្រហមអ៊ីតាលី បានរៀបចំនិងទទួលខុសត្រូវ ហើយខ្ញុំនឹងនិយាយពីការឆ្លងកាត់បទពិសោធន៍របស់ខ្ញុំ នៅសម័យសង្គ្រាមរបស់យើង ដែលពួកខ្ញុំបានឆ្លងកាត់ក្នុងនាមជាជនភៀសខ្លួន។ ថ្ងៃទី២១ នឹងជួបជាមួយស្តេចប្រទេសម៉ូណាកូ ក្នុងគោលបំណងរឹតចំណងមិត្តភាព រីឯថ្ងៃទី២២ នឹងមានសន្និសីទធំមួយ ហើយខ្ញុំនឹងមានប្រធានបទមួយនិយាយផងដែរ”។
អ្នកឧកញ៉ា គួច ម៉េងលី បានប្រាប់ដល់ឧកញ៉ា ញ៉ូស៍ បន្ថែមថា លោកជាបុគ្គលម្នាក់ ក្នុងចំណោមបុគ្គលតិចណាស់ ដែលបានជួបសម្តេច ប៉ាប ហើយលោកពិតជាមានអារម្មណ៍រីករាយសប្បាយចិត្ត និងមានកិត្តិយស និងមោទកភាពខ្លាំងណាស់ ហើយលោកជឿជាក់ថា នេះជារឿងមួយល្អសម្រាប់ប្រជាជាតិខ្មែរ។ លោកចង់ផ្តាំផ្ញើពាក្យពេចទៅកាន់ពិភពលោកឱ្យដឹងថា ពេលនេះប្រទេសកម្ពុជា កំពុងមានសន្តិភាព ត្រជាក់ត្រជុំ ហើយប្រជាជនកំពុងមានសេដ្ឋកិច្ចដំណើរការល្អ។ លោកនឹងព្យាយាមតំណាងឱ្យខ្មែរទាំងមូល លើឆាកអន្តរជាតិផ្នែកសាសនា ឱ្យមានមិត្តភាពនិងទំនាក់ទំនងល្អរលូន ជាពិសេសជាមួយស្តេចសាសនា សម្តេច ប៉ាប និងព្រះមហាក្សត្ររបស់ប្រទេសម៉ូណាកូ រួមទាំងសន្និសីទនៅប្រទេសបារាំង។ នេះជារឿងមួយកម្រកើតឡើង កម្រគេអញ្ជើញចូលរួម ដូច្នេះជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងត្រូវយកចិត្តទុកដាក់ ហើយក៏ជារឿងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ក្នុងសតវត្សទី២១នេះ។
សូមជម្រាបជូនថា អ្នកឧកញ៉ា គួច ម៉េងលី និងព្រះតេជគុណ សាន សុជា ជាឥស្សរជនដ៏តិចតួចបំផុតរបស់កម្ពុជា ដែលបានចូលគាល់សម្តេច ប៉ាប ហ្វ្រង់ស៊ីស បន្ទាប់ពីព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ធ្លាប់យាងទៅវិមានវ៉ាទីកង់ ក្នុងឆ្នាំ១៩៥០ និងសម្ដេចព្រះមហាឃោសនន្ទ ធ្លាប់និមន្តទៅក្នុងខែតុលា ឆ្នាំ១៩៨៦៕