លោកជំទាវអ្នកឧកញ៉ា ឈុន លាង ម្ចាស់ក្រុមហ៊ុន វឌ្ឍនៈ និងជាម្ចាស់រោងចក្រស្រាបៀរវឌ្ឍនៈ (VATTANAC BREWERY CO., LTD) បានឧបត្ថម្ភស្រាបៀរវឌ្ឍនៈ ព្រីមៀមបៀរ ចំនួន ១០០០កេស ជូនដល់អ្នកចូលរួម កម្មវិធីសម្ពោធចម្រៀងភាពយន្ត “ទុក្ខស្រីប្ដីព្រាត់” ចំនួន ៦០០នាក់ កាលពីល្ងាច ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។
លោកឧកញ៉ា ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម និងជាផលិតករភាពយន្តចម្រៀង «ទុក្ខស្រីប្តីព្រាត់» បានលើកឡើងថា លោកនិងលោកជំទាវ ចន ច័ន្ទលក្ខិណា ពិតជាមានមោទនភាពក្រៃលែង ដែលបានរៀបចំកម្មវិធីសម្ពោធចម្រៀងភាពយន្ត “ទុក្ខស្រីប្ដីព្រាត់” កាលពីល្ងាច ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាភាពយន្តចម្រៀង បង្ហាញពីប្រវត្តិជីវិតពិតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ជាមួយគ្នានេះ លោកឧកញ៉ា ហេង ឡុង ក៏សូមគោរពអរគុណដល់លោកជំទាវអ្នកឧកញ៉ា ឈុន លាង ម្ចាស់ក្រុមហ៊ុន វឌ្ឍនៈ ដែលបានផ្ដល់កិត្តិយសចូលរួម និងបានឧបត្ថម្ភស្រាបៀរវឌ្ឍនៈ ចំនួន ១០០០កេស ក្នុងមួយកេស មាន ១២កំប៉ុង ជូនដល់អ្នកចូលរួមទាំងអស់ប្រមាណ ៦០០នាក់។
សូមជម្រាបជូនផងដែរថា ស្នាដៃថ្មីចម្រៀងភាពយន្ត “ទុក្ខស្រីប្ដីព្រាត់” ដឹកនាំសម្ដែងដោយលោក ហ្វៃ សំអាង ខណៈដែលឧកញ៉ា ហេង ឡុង, ឧកញ៉ា អ៊ឹង លីហេង និងលោកជំទាវ ចន ច័ន្ទលក្ខិណា ជាផលិតករ ហើយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានជួយឧបត្ថម្ភជាសម្ភារៈ និងកាមេរ៉ាថត។
ចម្រៀងភាពយន្តនេះ បានជ្រើសតួឯកប្រុសសម្ដែងដោយលោក ប៉ាន់ ខែមម៉ានូ ជាតួអង្គសម្ដេចតេជោ ហ៊ុន សែន។ ចំណែកតួឯកស្រីកញ្ញា ឈិន មុន្នីនាថ សម្ដែងជាតួអង្គសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងមានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗជាច្រើនដួងទៀត។ ហើយតារាចម្រៀងដែលមកបំពេរអារម្មណ៍ឱ្យអ្នកស្ដាប់កម្សត់តាមដល់ស្រក់ទឹកភ្នែក ត្រូវបានជ្រើសរើសនិងផ្ដល់កិត្តិយសបកស្រាយដោយកំពូលតារាចម្រៀងស្រី មាស សុខសោភា៕