លោកយាយម៉ៅ ជាទេពធីតា នៃអ្នកថែរក្សា ដែលល្បីឈ្មោះក្នុងការថែរក្សាសន្តិភាព និងភាពស្ងប់សុខ នៅតំបន់ព្រៃភ្នំ និងឆ្នេរសមុទ្រនៃប្រទេសកម្ពុជា ដូចជា ខេត្តកំពត ក្រុងកែប និងក្រុងព្រះសីហនុ។ អ្នកដំណើរមិនដែលរំលង ការចូលទស្សនា និងគោរពលោកយាយម៉ៅ នោះឡើយ ពេលដែលពួកគេធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ ពីភ្នំពេញ ទៅក្រុងព្រះសីហនុ ឬធ្វើដំណើរឡើងទៅកាន់ភ្នំបូកគោ ហើយដើម្បីតបស្នងនឹងការគោរពនេះ លោកយាយតែងតែផ្តល់ការថែរក្សាការពារជានិច្ច ដល់អ្នកដែលគោរពសក្ការៈចំពោះគាត់។
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១០ ដើម្បីបង្ហាញការគោរពដល់បារមីលោកយាយម៉ៅ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនស៊ូគីម៉ិច អ៊ិនវែស មិនគ្រុប បានកសាងរូបសំណាកធំបំផុត ដែលមានកំពស់២៩ ម៉ែត្រ នៅលើឧទ្យានជាតិភ្នំបូកគោ ដោយសំណង់ទាំងមូលមានតម្លៃជាង ២១ម៉ឺនដុល្លាអាមេរិក (២១០,១៨២ដុល្លារ)។ រូបសំណាកនេះ ត្រូវបានកំណត់ទីតាំងនៅលើកំពូលភ្នំ (កម្ពស់១០៧៥ម៉ែត្រ) ដែលអាចមើលឃើញឆេ្នរសមុទ្រទាំងមូល។ អ្នកទស្សនាដែលឡើងដល់កំពូលភ្នំ មិនអាចរំលង ការឈប់សម្រាក ហើយចូលគោរពរូបសំណាក លោកយាយម៉ៅនោះទេ។ បច្ចុប្បន្នរូបសំណាកលោកយាយម៉ៅ បានក្លាយជាកំណត់សម្គាល់នៃឧទ្យានជាតិបូកគោ ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។ វាមិនត្រឹមតែជាគម្រោងការងារមួយគួរឲ្យកត់សម្គាល់ប៉ុណ្ណោះទេ ថែមទាំងជាសំណង់សិល្បៈផ្នែកជំនឿដ៏ចំណានមួយ នៅក្នុងប្រវត្តិសាស្ត្រ។
អំពីស្ថាបត្យកម្ម
ភ្នំបូកគោ ត្រូវបានរកឃើញដោយជនជាតិបារាំង នៅឆ្នាំ១៩១៧ ហើយអភិវឌ្ឍន៌ទៅជារមណីយដ្ឋាននៅឆ្នាំ១៩២១។ វិហារកាតូលីកមួយត្រូវបានសាងសង់កំឡុងការអភិវឌ្ឍន៌នៃរមណីយដ្ឋាន ចំណែកវត្តសំពៅប្រាំ របស់ខ្មែរ ត្រូវបានសាងសង់នៅឆ្នាំ១៩២៤។
នៅឆ្នាំ២០០៨ ការអភិវឌ្ឍរមណីយដ្ឋានឋានសួគ៌បូកគោលើភ្នំបូកគោ និង គម្រោងសំណង់រូបសំណាក លោកយាយម៉ៅ ត្រូវបានធ្វើឡើង។ គោលបំណងនៃការសាងសង់រូបសំណាកនេះ គឺដើម្បីគោរពដល់លោកយាយម៉ៅ ដែលជាព្រលឹងនៃអ្នកថែរក្សាភ្នំ និងសមុទ្រ និងត្រូវបានសាងសង់សម្រាប់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរ គោរព បន់ស្រន់សុំសេចក្តីសុខ និងសុវត្ថិភាព។
សំណង់រូបសំណាកលោកយាយម៉ៅ ត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១០ និងបញ្ចប់នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២។ រូបសំណាកនេះ ត្រូវបានសាងសង់ឡើងពីស៊ីម៉ង់ ដែលមានកម្ពស់ ២៩ ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅជិតច្រាំងចោទនៃឆ្នេរសមុទ្រ។
ពីដំបូង រូបសំណាកត្រូវបានកំណត់ពេលសាងសង់ឲ្យរួចរាល់ត្រឹមរយៈពេល១ឆ្នាំ ប៉ុន្តែត្រូវពន្យាពេលរហូតដល់២ឆ្នាំ ដោយសារតែលក្ខខណ្ឌអាកាសធាតុ និងមធ្យោបាយដឹកជញ្ជូន។ រូបសំណាកលោកយាយម៉ៅ នាំមកនូវកិរិយាសមាធិ ដោយបង្ហាញនូវភាពស្ងប់ និងសន្តិភាព តាមរយៈ ការអង្គុយលើអាសនៈ៣ ជាន់។ រូបសំណាកត្រូវបានលាបពណ៌ ជារូបស្លៀកសំពត់ពណ៌ខ្មៅ ពាក់អាវស និងបង់ក្រមាពណ៌លឿង ដែលជាគ្រឿងសម្គាល់ នៃប្រពៃណីស្លៀកពាក់របស់ដូនជី ។
ប្រវត្តិនិទានអំពីលោកយាយម៉ៅ
កំពូលមេទ័ពស្រីម៉ៅ ឬជំទាវមេទ័ពម៉ៅ មានប្រភពអះអាងផ្សេងៗគ្នា អំពីប្រវត្តិរបស់យាយម៉ៅ ក្នុងចំណោមនោះ មានប្រវត្តិនិទានមួយបានអះអាងថា យាយម៉ៅគឺជាមេទ័ពកំពូលបន្តពីលោកមេទ័ពគ្រី។ ដើមឡើយស្ថិតនៅក្នុងយុវវ័យពេញរូបពេញរាង សម្បុរណ៍ខ្មែរស្រអែម ស្រីម៉ៅ មិនទាន់មានគូរស្រករនៅឡើយទេ ហើយក៏ពុំទាន់មានតួនាទីអ្វីនៅក្នុងជួរទ័ពដែរ។
អំឡុងពេលជាង៥០០ឆ្នាំមុន សង្រ្គាមឈ្លានពានរបស់ពួកសៀមមកលើប្រទេសខ្មែរបានកើតមានយ៉ាងខ្លាំងក្លា។ ការវាយប្រយុទ្ធ ដើម្បីការពារទឹកដីខ្មែរបានធ្វើឱ្យមានការពលីសាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជន យុទ្ធនារីយើងរាប់សិបឆ្នាំ។
ថ្ងៃមួយលោកគ្រី ជាមេទ័ពកំពូលភូមិភាគនិរតីគ្រប់គ្រងដែនគោក ដែនទឹក (តំបន់សមុទ្រ) របស់ប្រទេសខ្មែរ រួមមាន កោះកុង កំពត ក្រុងព្រះសីហនុ និងមួយផ្នែកនៅពាយ័ព្យដូចជាពោធិ៍សាត់ជាដើម បានទទួលយកស្រីម៉ៅមកធ្វើជាជំនួយការផ្ទាល់។ លោកមេទ័ពគ្រី ក្នុងការទប់ទល់ច្រើនយប់ច្រើនថ្ងៃក៏ត្រូវកងទ័ពសៀមសម្លាប់ចោលនៅលើមូលដ្ឋានសឹកចុងក្រោយក្នុងខេត្តកោះកុងបាត់ទៅ។ ចំណែកឯទ័ពទាំងឡាយដែលនៅសេសសល់ទាំងអស់កាលបើឃើញមេទ័ពធំស្លាប់បែបនេះក៏កើតចលាចលបាក់ទឹកចិត្តយ៉ាងខ្លាំង។
រីឯស្រីម៉ៅមេទ័ពរងវិញ ពេលដែលឃើញសភាពទ័ពបាក់ទឹកចិត្តហេវហត់ស្លាប់និងរបួសឥតគណនាយ៉ាងដូច្នេះ ក៏សម្រេចចិត្តមុខវាយបើកផ្លូវ ដើម្បីគេចចេញពីការហ៊ុមព័ទ្ធ នាំទ័ពដែលនៅសេសសល់ទាំងអស់ដកថយមកដល់ស្រែអំបិល និងបន្តមកប្រមូលផ្តុំកម្លាំងទ័ពនៅលើកំពូលភ្នំពេជ្រនិល ដែលជាភ្នំយុទ្ធសាស្ត្រអាចទប់ទល់ការរុលមកមុខរបស់កងទ័ពសៀមបាន។
កាលបើលោកមេទ័ពគ្រីស្លាប់បាត់ទៅស្រីម៉ៅ ក៏ត្រូវបានព្រះរាជាខ្មែរ តែងតាំងជាមេទ័ពកាន់កាប់ភូមិភាគនិរតីចាប់ពីពេលនោះមក។ មិនយូរប៉ុន្មានស្រីម៉ៅ បានប្រមូលកងទ័ពនិងយុទ្ធជនស្នេហាជាតិទាំងអស់ រៀបក្បួនយុទ្ធសាស្ត្រវាយសម្រុកទាំងផ្លូវទឹកនិងផ្លូវគោកទៅលើកងទ័ពសៀម នៅខេត្តកោះកុង ដើម្បីដណ្តើមយកទឹកដីខ្មែរមកវិញរហូតបានទទួលជោគជ័យជាស្ថាពរ។
ដោយស្រីម៉ៅចេះមន្តអាគមប្ញទ្ធិបារមីស្រាប់ផង ស្រីម៉ៅបានប្រើកងទ័ពស្មៅឬស្លឹកអំបិលចូលលុកលុយគ្រប់បន្ទាយឈរជើងរបស់ទ័ពសៀម។ កងទ័ពស្មៅ និងកងទ័ពស្លឹកអំពិលមានចំនួនរាប់សែននាក់ចូលជំរុំទាហានសៀម ខាប់ទឹក ខាប់ដី ធ្វើឱ្យទ័ពសៀមមានការជ្រួលច្របល់បាក់ទ័ពភ័យខ្លាចគ្មានស្មារតីប្រយុទ្ធទាល់តែសោះ។
ចាប់តាំងពីពេលដែលជំទាវម៉ៅស្លាប់បាត់ទៅនោះ ទោះបីជាទ័ពសៀមប្រាថ្នាដណ្តើមយកខេត្តកោះកុងសារជាថ្មីទៀតក្តី ក៏នៅតែមិនអាចទទួលជោគជ័យបានដដែល ព្រោះពលទាហានខ្មែរបានចេះចាំយុទ្ធវិធីសឹក ដែលជំទាវម៉ៅបង្ហាត់បង្ហាញ ហើយរាល់មុនការប្រយុទ្ធ ទាហានទាំងអស់តែងតែបួងសួងសុំឱ្យវិញ្ញាណជំទាវម៉ៅចូលមកសណ្ឋិតនៅក្នុងរូបកាយរបស់គេគ្រប់ៗគ្នា ដើម្បីឱ្យក្លាយទៅជាកម្លាំងមហិមាបង្រ្កាបសត្រូវទទួលបានជោគជ័យគ្រប់សមរភូមិ។
បារមីជំទាវម៉ៅបានល្បីល្បាញគ្រប់ទិសទី នៅតាមបណ្តាខេត្តតំបន់ជាប់មាត់សមុទ្រ ជួយដល់អ្នកដែលគោរពបូជារូបគាត់គ្រប់ៗគ្នា តាំងពីពេលនោះរហូតដល់សព្វថ្ងៃ។ ហើយដង្វាយនៃការបន់ស្រន់ គេតែងតែដាក់នូវលិង្គសិប្បនិមិត្ត ឬចេតិយ៍សម្រាប់ធ្វើជាទីកន្លែងឱ្យវិញ្ញាណស្នាក់អាស្រ័យ។
កំណត់និពន្ធរឿងនិទាននេះគេអាចយកជាការបាន ដោយសារសាច់រឿងនេះស្របគ្នាជាមួយនឹងរូបសំណាកយាយម៉ៅ គឺមានគ្រងឯកសណ្ឋានជាមន្ត្រីហើយកាន់ដំបងនាគមួយបង្ហាញពីភាពជាមេទ័ពដ៏អង់អាចមួយរូប។ នេះបើតាមនិទានប្រវត្តិដកស្រង់ចេញពីសៀវភៅ ជីវិតអាថិ៍កំបាំងលោកយាយម៉ៅ ស្រាវជ្រាវ និងនិពន្ធដោយ លោក គង់ យុទ្ធនា (ហៅវង្ស វាសនា)។
សូមជម្រាបជូនផងដែរថា នាពេលខាងមុខ ភ្នំបូកគោ នឹងមានរូបសំណាកដ៏ធំស្គឹមស្កៃមួយទៀតគឺ រូបសំណាកព្រះពុទ្ធប្បដិមាធំជាងគេបំផុតលើពិភពលោក កម្ពស់១០៨ម៉ែត្រ បន្ទាប់ពីអ្នកឧកញ៉ា សុខ គង់ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។ តាមការបញ្ជាក់ពីអ្នកឧកញ៉ា សុខ គង់ រូបសំណាកព្រះពុទ្ធប្បដិមា នឹងចំណាយថ្លៃសាងសង់លើសរូបសំណាកលោកយាយម៉ៅ រាប់រយដង រហូតចន្លោះពី ៣០លានដុល្លារ ដល់៤០លានដុល្លារឯណោះ៕