ឧកញ៉ា អ្នកឧកញ៉ាច្រើនរូបចាប់ផ្តើមបញ្ចេញស្នាដៃនិពន្ធសៀវភៅទស្សនៈជោគជ័យ និងមុខជំនួញ ចែករំលែកបទពិសោធន៍ជីវិត

ជុំវិញ​ឧកញ៉ា

វិស័យតែងនិពន្ធ បច្ចុប្បន្នមានស្ថានភាពល្អប្រសើជាងប៉ុន្មានឆ្នាំមុន ដោយការបោះពុម្ពសៀវភៅមានការផុសផុលខ្លាំងឡើង។ ការណ៍នេះក៏ព្រោះកំណើនអ្នកអានសៀវភៅ បានធ្វើឱ្យវិស័យតែងនិពន្ធកាន់តែរីកដុះដាលពីមួយឆ្នាំទៅមួយឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្នទំនោរអ្នកនិពន្ធមានចំនួនកើនឡើងច្រើនគួរឱ្យសម្គាល់ទាំងក្នុងរឿងប្រលោមលោក ទស្សនៈ ភាពដឹកនាំ ជំរុញលើកទឹកចិត្ត ជំនាញ វិជ្ជាជីវៈ បច្ចេកទេសជាដើម។ យ៉ាងណា ចំនួនកំណើនជាវិជ្ជមាននេះ ពោលគឺនិយាយទូទៅ។ បើនិយាយដាច់ដោយឡែក សម្រាប់អ្នករកស៊ី ម្ចាស់អាជីវកម្មធំ ឧកញ៉ា អ្នកឧកញ៉ា ហាក់នៅមានចំនួនតិចតួចនៅឡើយ។

បណ្ឌុំសៀវភៅ អ្នកឧកញ៉ា គួច ម៉េងលី

យ៉ាងណានៅមួយរយៈចុងក្រោយនេះ គេសង្កត់ឃើញថា មានពាណិជ្ជករ ឧកញ៉ា អ្នកឧកញ៉ា ចេញមុខមកចែករំលែកទស្សនាទានតាមរយៈសៀវភៅ គំនិតសហគ្រិន របៀបដឹកនាំធនធានមនុស្ស របៀបរបបគ្រប់គ្រងក្រុមហ៊ុន និងចំណេះដឹងទូទៅទាំងក្នុងវិស័យអប់រំ អចលនទ្រព្យ ហិរញ្ញវត្ថុ ចាប់ផ្តើមមានសកម្មភាពផុសផុលឡើង ដែលសកម្មទាំងអស់នេះជាសញ្ញាវិជ្ជមានក្នុងវិស័យអំណាននៅប្រទេសកម្ពុជា។

នៅដើមឆ្នាំ២០២៣ ពោលគឺនៅថ្ងៃទី៣ ខែមករា អ្នកឧកញ៉ា សុខ គង់ សម្ពោធសៀវភៅ«អ្នកឧកញ៉ាបណ្ឌិត សុខ គង់» ស្ថិតនៅលើកំពូលភ្នំបូកគោ។ ចំពោះការចេញស្នាដៃនិពន្ធនេះ ត្រូវបានអ្នករៀបចំបញ្ជាក់ថា មិនមែនចងក្រងឡើង ដើម្បីរកប្រាក់ចំណេញទេ ប៉ុន្តែ​ក្នុង​គោល​បំណង​ដើម្បី​​​អាច​ក្លាយ​ជា​ត្រីវិស័យ​សម្រាប់​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ ពិសេស​​ជា​ប្រយោជន៍​ដល់​យុវជន ក្នុង​ការ​ក្រេប​ជញ្ជក់​យក​ចំណេះ​ដឹង​​សម្រាប់​ការ​រស់​នៅ និង​ការ​ប្រកប​មុខរបរ​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត។

ជាមួយគ្នានេះដែរ អ្នកជំនួញអចលនទ្រព្យវ័យក្មេង ដែលមានប្រវត្តិធ្លាប់ជាព្រះសង្ឃទទួលសញ្ញាបត្របណ្ឌិតពីបរទេស អតីតសាស្ត្រាចារ្យ ឧកញ៉ា ផន វណ្ណិត កីបានសម្រេចចេញស្នាដៃដំបូងរបស់ខ្លួនជាផ្លូវការ ក្រោមចំណងជើងថា សៀវភៅ «ថ្វីគំនិត» កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។

ទន្ទឹមនឹងនេះ សហគ្រិនវ័យក្មេងវិនិយោគនៅក្នុងវិស័យអប់រំ ម្នាក់ទៀត គឺឧកញ៉ា ប៊ិច បូឡែន បានបង្ហាញស្នាដៃសៀវភៅ «យុទ្ធសាស្រ្តនៃភាពជាអ្នកដឹកនាំ»។ កន្លងទៅ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាវាគ្មិនជំនាញដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជាក៏បានចេញផ្សាយស្នាដៃជាច្រើនចំណងជើងរួចមកហើយដែលទទួលបានការចាប់អារ្មណ៍ខ្លាំងពីប្រិយមិត្ត។

ដោយឡែក ឧកញ៉ាដែលរកស៊ីក្នុងវិស័យអចលនទ្រព្យម្នាក់ទៀត ក៏ទើបនឹងបានសម្ពោធសៀវភៅផ្លូវការរបស់ខ្លួនផងដែរ ឧកញ៉ា ម៉ាន់ ច័ន្ទឌី ដែលនិយាយពាក់ព័ន្ធផ្លូវច្បាប់លើវិស័យអចលនទ្រព្យ គឺមានឈ្មោះថា «នីតិវិធី និងយុទ្ឋសាស្ត្រ គ្រប់គ្រងក្រុមហ៊ុនតាមលក្ខណះស្តង់ដារ»។

អ្នកតាមដានស្ថានការណ៍សង្គមនៅប្រទេសកម្ពុជា បានសម្តែងការសាទរ ព្រមទាំងគាំទ្រចំពោះការចែករំលែកទស្សនៈរកស៊ី ការគ្រប់គ្រងក្រុមហ៊ុន គន្លឹះសំខាន់សម្រាប់ជោគជ័យក្នុងអាជីព សុទ្ធតែជាប្រយោជន៍អ្នកអាន សិស្ស និស្សិត។

លោក ឈុន សារិន សាស្រ្តាចារ្យអក្សរសិល្ប៍ខ្មែរនៃសាកលវិទ្យាល័យឯកជនមួយ បានលើកឡើងថា សម្រាប់អ្នករកស៊ី មានក្រុមហ៊ុនហើយជោគជ័យ ចេញមកចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់មនុស្សក្នុងសង្គមវាពិតជាមានប្រយោជន៍ខ្លាំងសម្រាប់ពលរដ្ឋ ព្រោះអ្នករកស៊ីគេមានររៀបរកលុយ បង្កើតទ្រព្យ ដូច្នេះកាលណាយុវជនបានរៀនសូត្រ ទទួលបទពិសោធន៍ហើយយកទៅអនុវត្តវាជាផ្លែផ្កាមួយក្នុងសង្គម។

សៀវភៅ ឧកញ៉ា ប៊ិច បូឡែន

លោកបន្តថា «សម្រាប់អ្នកមានគោរម្យងារឧកញ៉ា អ្នកឧកញ៉ា ពួកគាត់មានឥទ្ធិពលខ្លាំងនៅក្នុងសង្គម ដូច្នេះស្នាដៃនិពន្ធសៀវភៅរបស់គាត់អាចជិះឥទ្ធិពលលឿនជាងអ្នកនិពន្ធទូទៅ ខណៈពួកគាត់ដើម្បីក្លាយជាអ្នកឧកញ៉ា ឧកញ៉ា សុទ្ធតែជាអ្នកមានលុយរួចមកហើយ ទម្រាំជោគជ័យក្នុងជីវិត និងមុខជំនាញ ប្រាកដណាស់ថា មានរឿងរ៉ាវជាច្រើននៅពីក្រោយ»។

លោក សារិន លើកឡើងបន្ថែមទៀតថា បទពិសោធន៍ ដំណើរជីវិត ការចាប់ផ្ដើមរកស៊ីរបស់អ្នកមានទាំងនោះ អាចទុកជាមេរៀនសម្រាប់អ្នកចេញរកស៊ីជំនាន់ដើរតាមបាន។

សូមរំលឹកថា កាលពីប៉ុន្មានឆ្នាំមុន អ្នកឧកញ៉ារកស៊ីដ៏លេចធ្លោក្នុងវិស័យកសិកម្ម ម៉ុង ឫទ្ធី ដែលជាសេដ្ឋីដ៏មានឥទ្ធិពលជើងចាស់ឈរជើងចាក់គ្រឹះយ៉ាងរឹងមាំក្នុងពិភពជំនួញនៅក្នុងប្រទេសកម្ពុជា ក៏បានសម្រេចបោះពុម្ពផ្សាយសៀវភៅក្រោមចំណងជើងថា «វិថីក្រាលមាស ជីវប្រវត្តិឯកឧត្តម ម៉ុង ឬទ្ធី» ជាផ្លូវការផងដែរ៕

អ្នកឧកញ៉ា អ្នកឧកញ៉ា ម៉ុង ឬទ្ធី
សៀវភៅ ឧកញ៉ា ម៉ាន់ ច័ន្ទឌី