សភាពាណិជ្ជកម្មរាជធានីភ្នំពេញ រៀបចំពិធីបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ៣រសៀល នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ស្ថិតនៅទីតាំងអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ជាប់ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ។
នៅក្នុងដំណើរការបោះឆ្នោតអាណត្តិទី៥នេះ មានបេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើជាប្រធានសភាពាណិជ្ជកម្មកម្ពុជាតែម្នាក់គត់ គឺអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បច្ចុប្បន្ន។ នេះបើតាមការបញ្ជាក់ពីគណៈកម្មការរៀបចំបោះឆ្នោតសភាពាណិជ្ជកម្មរាជធានីភ្នំពេញ។
សូមជម្រាបថា សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន មានសភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ចំនួនសរុប១៨ ដែលស្ថិតនៅក្រោមសភាពាណិជ្ជកម្មកម្ពុជា។ គិតមកត្រឹមខែមេសា ឆ្នាំ២០២១ សភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សារណៈយោគយល់ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការសរុបចំនួន ១៣០ ជាមួយស្ថាប័នដៃគូជាតិ និងអន្តរជាតិ។
គួររម្លឹកថា សភាពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងក្រោមច្បាប់ស្តីពី សភាពាណិជ្ជកម្មក្នុងឆ្នាំ១៩៩៥ និងលិខិតបទដ្ឋានគតិយុត្ដិពាក់ព័ន្ធនានា។ សភាពាណិជ្ជកម្ម គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស៕