សភាពាណិជ្ជកម្មរាជធានីភ្នំពេញ រៀបចំពិធីបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥។ ជាលទ្ធផល អ្នកឧកញ៉ា គិត ម៉េង នៅបន្តរក្សាដំណែងជាប្រធានក្រោយជាប់ឆ្នោតទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលុប ៣៩ លើ៤០សំឡេង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។ សម្រាប់ការបោះឆ្នោតជ្រើសតាំងប្រធានសភាពាណិជ្ជកម្មកម្ពុជាវិញ អ្នកឧកញ៉ា គិត ម៉េង ទទួលបានការគាំទ្រដោយ ១៥លើ១៨សំឡេង។

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលបានកាន់កាប់តំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ អស់រយៈពេល១២ឆ្នាំមកហើយ សម្រាប់អាណត្តិទី៥នេះ អ្នកឧកញ៉ានឹងដឹកនាំបន្តចំនួន៣ឆ្នាំទៀត។
សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៣នេះ អ្នកឧកញ៉ា គិត ម៉េង មានវ័យ ៥៥ឆ្នាំ ជាស្ថាបនិកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនវិនិយោគ ជាយុទ្ធសាស្ត្ររបស់កម្ពុជា នឹងបានទទួលស្គាល់ថាជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងមានការវិនិយោគចម្រុះបំផុតរបស់កម្ពុជា។
លើសពីនេះ អ្នកឧកញ៉ាក៏ជាមនុស្សមានឥទ្ធិពលបំផុតមួយក្នុងចំណោមពាណិជ្ជករគ្រាក់ៗនៅកម្ពុជា ជានិច្ចកាលតែងតែអមដំណើរនាយករដ្ឋមន្រ្តីទៅបំពេញទស្សនៈកិច្ចការទូត កិច្ចប្រជុំអន្តរជាតិនានា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាលប្រទេសដៃគូ និងបំផុសបំផុលគំនិតគៀងគរវិនិយោគិនបរទេសឲ្យមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា៕