ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ បានផ្ញើសារលិខិតថ្លែងអំណរគុណ និងប្រសិទ្ធិពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសមាជិក សមាជិកា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣។
ជាមួយនេះដែរ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ញើសារលិខិតថ្លែងអំណរគុណ ចំពោះលិខិតថ្វាយព្រះពររបស់ឧកញ៉ា ចាន់ សុឃាំង នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣ ព្រមទាំងបានជូនពរលោកឧកញ៉ា ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជាទាំងអស់ និងសហគមន៍កសិករនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការផងដែរ។
គួររំលឹកថា តាមរយៈកម្មវិធីមហាសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងកម្មវិធីបោះឆ្នោតក្រុមប្រឹក្សាភិបាល អាណត្តិទី៤ ដែលប្រព្រឹត្តឡើងនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល ឧកញ៉ា ចាន់ សុឃាំង ទទួលនូវសេចក្តីទុកចិត្តពីសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការបោះឆ្នោតគាំទ្រឱ្យក្លាយជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា សម្រាប់អាណត្តិទី៤៕