គោរមងារជាឧកញ៉ា ឬអ្នកឧកញ៉ាចូលមកដល់ឆ្នាំថ្មី ឆ្នាំ២០២៣នេះគេសង្កេតឃើញមានបុគ្គលមួយចំនួនទទួលបាន ខណៈពេលដែលគោរមងារដែលព្រះមហាក្សត្រផ្តល់ជូននេះមិនមែនបុគ្គលណាចេះតែទទួលបាននោះទេបើសិនជាមិនមានបុគ្គលិកលក្ខណៈសមស្របនៅក្នុងការជួយដល់សង្គមជាតិ។
បើតាមទស្សនៈឧកញ៉ា លី ឃុនថៃ ដែលទទួលបានគោរមងារជាឧកញ៉ាតាំងពី១០ឆ្នាំមុន ហើយថ្មីៗទើបទទួលបានគោរមងារជា«អ្នកឧកញ៉ា» ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ តាមរយៈព្រះរាជក្រឹត្យលេខ នស/ករត/០១២៣/០៣០ ថែមទៀតនេះ មានប្រសាសន៍ថា ខ្ញុំគិតថាគោរមងារដែលព្រះមហាក្សត្រផ្តល់ជូននេះវាមានកិត្តិយសណាស់សម្រាប់បុគ្គលដែលទទួលបាន មានន័យថា ក្រុមហ៊ុនក៏ដូចជាបុគ្គលបានជួយកសាងប្រទេសជាតិ។
លើសពីនេះគោរមងារជាឧកញ៉ា អ្នកឧកញ៉ាជួយធ្វើឱ្យអ្នកវិនិយោគ និងដៃគូរសហការគេគិតថាក្រុមហ៊ុនយើងបានជួយទៅដល់សង្គម។ ឧទាហរណ៍ប្រាក់ចំណូលដែលយើងរកបានពីមុខជំនួញ មួយចំណែកយើងយកជួយទៅដល់សង្គមបានកាន់តែច្រើនដើម្បីចូលរួមជួយអភិវឌ្ឍន៍ប្រទេសជាតិរួមគ្នា។ អ្នកឧកញ៉ាបន្ថែម។
អ្នកឧកញ៉ា លី ឃុនថៃ មានប្រសាសន៍ថា «ជាទស្សនៈខ្ញុំផ្ទាល់។ខ្ញុំគិតថាបើយើងទទួលបានគោរមងារហើយយើងធ្វើមុខរបរមិនស្របច្បាប់ឬខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជាវាធ្វើឱ្យក្រុមហ៊ុនយើងអាចមានការក្ស័យធុនលឿនជាងអ្នកអត់មានគោរមងារជាឧកញ៉ា»៕
សូមជម្រាបជូនថា អ្នកឧកញ៉ា លី ឃុនថៃ ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រធានសមាគមស្បែកជើងកម្ពុជា, ប្រធានកិតិ្តយសសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា (CTLA), សមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត, ប្រធានក្រុមហ៊ុន អាល់ហ្វា គ្រុប (ALPHA Group) និងប្រធានក្រុមប្រឹក្សាភិបាលធនាគារពាណិជ្ជ អាល់ហ្វា ម.ក ៕ អត្ថបទ៖ ឧកញ៉ា សារេត