លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ IKEY បានយល់ឃើញថា ឧកញ៉ាៗមិនគួរបង្ហោះសារបែបជាទ្រឹស្តីអប់រំអ្វីច្រើននៅលើបណ្តាញសង្គមរបស់ខ្លួននោះទេ ព្រោះបើទ្រឹស្តីនោះខុសគឺគ្រោះថ្នាក់ណាស់ ដូច្នេះលោកគិតថា បើចង់ចែករំលែកទ្រឹស្តីឱ្យពិតប្រាកដ គួរតែធ្វើជាលក្ខណៈផ្លូវការ (Official) តាមរយៈការបើកវិទ្យាស្ថាន ឬបើកសាលានៅស្រុកកំណើតរបស់ខ្លួន នោះទើបជាការប្រសើរ។
ថ្លែងក្នុងវេទិការសាធារណមតិមួយ កាលពីពេលថ្មីៗកន្លងទៅនេះ លោក ម៉ិច សីហា បានលើកឡើងថា បើមានគោរមងារដល់ឧកញ៉ាហើយ ហើយចង់ចែករំលែកទ្រឹស្តីអប់រំ ឬទ្រឹស្តីអ្នកជោគជ័យ នៅលើបណ្តាញសង្គម គួរតែសហការជាមួយវិទ្យាស្ថាន ឬបើកសាលាខ្លួនឯងតែម្តង ប្រមូលផ្តុំសាស្ត្រាចារ្យ ប្រមូលផ្តុំអ្នកពូកែ ផ្តល់ការងារឱ្យអ្នកចេះដឹង ចងក្រងសៀវភៅ ចងក្រងអ្វីដែលជាភាពពិត ច្បាស់លាស់ សុក្រិតភាព ហើយកុំសរសេរខ្លួនឯង និងកុំបង្ហោះខ្លួនឯង ទុកឱ្យក្រុមអ្នកសាស្ត្រាចារ្យ និងអ្នកជំនាញអប់រំ អ្នកបង្ហោះពីឧកញ៉ាវិញ នោះទើបមានតម្លៃ ស័ក្តិសមនឹងគោរមងារដ៏ខ្ពង់ខ្ពស់នេះ។
លោក ម៉ិច សីហា បានបន្ថែមថា បើលោកឧកញ៉ាៗចង់ចែករំលែកទ្រឹស្តីពិតប្រាកដមែន ត្រូវតែធ្វើជាលក្ខណៈផ្លូវការតែម្តង។ ឧទាហរណ៍ថា បើឧកញ៉ាមានស្រុកកំណើតនៅខេត្តស្វាយរៀង អាចបើសាលា ឬវិទ្យាស្ថានមួយនៅទីនោះ និងមានការសិក្សា ស្រាវជ្រាវច្បាស់លាស់ហើយ ទើបអាចយកទ្រឹស្តីនោះ មកប្រើប្រាស់បាន។
“ត្រូវចាំថា បើមនុស្សសាមញ្ញ ប្រើទ្រឹស្តីមួយខុស គឺមិនសូវប៉ះពាល់ខ្លាំងទេ ប៉ុន្តែបើឧកញ៉ា ប្រើទ្រឹស្តីឬសរសេរទ្រឹស្តីចេញមកហើយ គេយកទៅអនុវត្តត្រូវ ជោគជ័យមិនអីនោះទេ តែបើបរាជ័យវិញនោះ ពិតជារឿងមិនសមរម្យនោះទេ សម្រាប់គោរមងារឧកញ៉ា។ នេះមិនមែនជាការបិទសិទ្ធិបញ្ចេញមតិនោះទេ តែជារឿងវិជ្ជាជីវៈបច្ចេកទេស នៅពេលដែលយើងមានភាគជោគជ័យក្នុងជំនួញ រហូតដល់យើងជួយជាតិ និងមានគោរមងារឧកញ៉ាហើយ បើយើងប្រើទ្រឹស្តីខុស គឺអាចនាំឱ្យមានរឿងធំសម្រាប់ខ្លួនឯង និងដល់អ្នកដទៃទៀត ព្រោះគេគិតថាយើងនិយាយអ្វីក៏ត្រូវដែរពេលហ្នឹង ដូច្នេះគេនឹងយកទៅអនុវត្តតាម”។ លោក ម៉ិច សីហា បានបញ្ជាក់បន្ត។
លោក ម៉ិច សីហា បានផ្តល់ជាគំនិតផ្ទាល់ខ្លួនបន្ថែមថា ក្នុងមួយជីវិតរបស់មនុស្សបង្ហាញតែម្តង ខ្លីខ្លឹមខ្លាំង ហើយរកស៊ីឱ្យជោគជ័យ កសាងវិទ្យាស្ថាននៅស្រុកភូមិកំណើតរបស់ខ្លួនឯង ដែលបានកើតនៅទីនោះ ចាំពេលជោគជ័យខ្លាំងវ័យចាស់ទៅមុខបន្តិច ថតតែមួយរឿង នោះហើយជាខ្លឹមសារប្រវត្តិសាស្ត្រនៃភាពជោគជ័យ ពុំចាំបាច់វែងឆ្ងាយច្រើនពេកនោះទេ៕