នៅល្ងាចថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣នេះ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត បានប្រកាសទៅចូលរួមជាមួយផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា (GALAXY NAVATRA) របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាផ្លូវការហើយ។
ជាមួយនឹងការមកដល់របស់ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ក៏បានរៀបចំពិធីទទួលស្វាគមន៍ ដែលលោកឧកញ៉ា នឹងក្លាយជាសមាជិកថ្មីរបស់ផលិតកម្ម នៅភោជនីយដ្ឋានទន្លេបាសាក់២ ផងដែរ។
លោកឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅល្ងាចនេះយ៉ាងដូច្នេះថា៖ “បងប្អូនដែលគាំទ្រខ្ញុំបាទទាំងអស់គ្នា បន្តិចទៀតនេះខ្ញុំនឹងក្លាយជាសមាជិកគ្រួសារ GALAXY NAVATRA ហើយបទចម្រៀងថ្មីរបស់ខ្ញុំក៏នឹងចេញនៅពេលខាងមុខនេះដែរ ក្នុង Chanel Galaxy។ សូមបងប្អូនរង់ចាំតាមដានទាំងអស់គ្នាណាបាទ”។
តារាចម្រៀង ខេមរៈ សិរីមន្ត បានក្លាយជាកំពូលតារាចម្រៀង ដែលមានគោរមងារ «ឧកញ៉ា» ទីពីរហើយ ដែលបានមកចូលរួមជាមួយផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា បន្ទាប់ពីកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ដែលបានមកចូលរួមទ្រនំថ្មីមួយនេះដែរ កាលពីចុងខែសីហា ឆ្នាំ២០២០។
សូមជម្រាបជូនថា កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ ឧកញ៉ា ខេមរៈ សិរីមន្ត ទទួលបានភាពជោគជ័យលើការងារសិល្បៈ រយៈពេលជិត២ទសវត្សមកហើយ តាំងពីលោកចេញបទដំបូងៗដូចជាបទ “ព្រលឹតបាតបឹង” និងបទ “អន្ទងស្នេហ៍” ជាដើម ប៉ុន្តែរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកក៏បានងាកមកចាប់ជំនួញថ្មីមួយទៀត គឺលើវិស័យអចលនទ្រព្យ ដោយបានធ្វើការអភិវឌ្ឍន៍ជាផ្ទះនិងដីឡូតិ៍នៅតំបន់មួយចំនួន ជាពិសេសក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដែលធ្វើឱ្យលោកឃ្លាតឆ្ងាយពីការងារសិល្បៈមួយរយៈ៕