អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី ពាណិជ្ជករវ័យក្មេងវិនិយោគក្នុងពហុវិស័យ ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈ ជា «ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ» មានឋានៈស្មើ «រដ្ឋមន្ត្រី» តាមរយៈសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៨៨ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ។
អ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវ ទៀង ផល្លា ជានិច្ចកាលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពសប្បុរសធម៌នានា។ ជាពិសេស អ្នកឧកញ៉ា តែងតែចូលរួមចំណែកដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅតាមបណ្តាខេត្តមួយចំនួន។ ជាក់ស្តែង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ អ្នកឧកញ៉ា និងលោកជំទាវ បានឧបត្ថម្ភអង្ករចំនួន ១០០តោន ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រគល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង ដោះស្រាយចែកជូនដល់ពលរដ្ឋរងគ្រោះផងដែរ។
សូមជម្រាបជូនថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បច្ចុប្បន្នដឹកនាំដោយ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជំនួស លោក ញឹម វណ្ណដា កាលពីឆ្នាំ២០១៩៕