ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប បានចែករំលែកពីគន្លឹះសំខាន់ៗចំនួន ៣ចំណុច ដើម្បីចាត់ចែងចំណូលចំណាយផ្ទាល់ខ្លួន និងអាជីវកម្មខ្នាតតូច ឱ្យបានល្អ ជាពិសេសអាចសន្សំសំចៃបានច្រើន។
ថ្លែងក្នុងការផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុករបស់លោក កាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោកឧកញ៉ា ហ៊ួត ជា បានលើកឡើងថា លោកធ្លាប់ធ្វើការឱ្យគេ ១០ឆ្នាំ និងរកស៊ីខ្លួនឯងជាង ១០ឆ្នាំ ហើយលោកទើបមកពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ មករា ២០២៣ ក៏បានបទពិសោធន៍មួយចំនួន ចង់យកមកចែករំលែកដល់បងប្អូន ដោយសារឃើញប្រជាជនអាមេរិក គេរស់នៅដោយការសន្សំសំចៃច្រើនទាំងរដ្ឋ និងឯកជន។ លោកឧកញ៉ា បានចែករំលែកគន្លឹះ៣ចំណុច ក្នុងការចាត់ចែងចំណូលចំណាយ ដូចខាងក្រោម៖
១. ដកទុកសម្រាប់សន្សំ៖ យើងត្រូវដកមួយផ្នែកនៃចំណូលដែលរកបាន ដើម្បីសន្សំសម្រាប់ទិញទ្រព្យ ឬសម្រាប់ប្រើប្រាស់នៅពេលមានការចាំបាច់បំផុត។ ចំពោះការសន្សំសម្រាប់ទិញទ្រព្យ លោកឱ្យតម្លៃលើការសន្សំទិញដី ឃ្លាំង ជាដើម។ នៅពេលយើងត្រូវការប្រើប្រាស់លុយ ទើបយើងដឹងថា ការសន្សំពិតជាមានតម្លៃខ្លាំងណាស់។
២. សន្សំលើចំណាយចាំបាច់៖ មានដូចជា សាំង ម្ហូបអាហារ ជួបជុំមិត្តភ័ក្តិឬក្រុមការងារ បង់ពន្ធ ប្រាក់បៀវត្សបុគ្គលិក។ ចំពោះទិញម្ហូបប្រចាំថ្ងៃ យើងអាចទិញជាប្រចាំសប្តាហ៍។ ប្រចាំសប្តាហ៍ ទៅជាប្រចាំខែ។ សម្រាប់លោក សូមណែនាំថា ចំពោះការជួបជុំក៏ត្រូវចេះសន្សំដែរ ពោលគឺមួយខែញ៉ាំអីជាមួយគ្នានៅក្រៅតែម្តងបានហើយ នៅស្រុកគេគឺគេសន្សំបែបនេះ ហើយជាអាកប្បកិរិយាមួយ។ គេមួយឆ្នាំជួបគ្នាម្តង រីឯយើងជួនកាលមួយខែ ជួបគ្នា៤ដង ដូច្នេះការជួបគ្នាមួយពេលៗគឺចំណាយច្រើនណាស់។ ថ្លឹងថ្លែងលើចំណេញឬខាត ពេលដើរខាងក្រៅ។ ឧទាហរណ៍ថា យើងទៅក្រៅអាចចំណេញ តែក៏អាចខាតពីសុខភាព និងលុយកាក់ តែបើយើងចេញទៅជួបអ្នកល្អៗសម្រាប់បង្កើនប្រសិទ្ធភាពការងារ និងរកស៊ីមានបាន គឺយើងចំណេញវិញ។
៣. កាត់បន្ថយចំណាយមិនចាំបាច់៖ ដូចជាការជក់បារី ការផឹកស្រា ការលេងហ្គេម ចំណាយភ្នាល់គ្នា។ កាត់បន្ថយលើការទិញទ្រព្យជាបំណុល ដូចជាការចងការគេទៅទិញរថយន្ត។ ការចំណាយលើពិធីផ្សេងៗដូចជា ពិធីបុណ្យទានផ្សេងៗ បើអាចយើងត្រូវកាត់បន្ថយពាក់កណ្តាលវិញ (បើគេហៅពីរនាក់ អាចទៅតែម្នាក់បានហើយ)។
លោកឧកញ៉ា បានបន្ថែមទៀតថា ចំពោះការទិញម្ហូបនៅស្រុកគេ គឺគេទិញទុកនៅក្នុងទូរទឹកកក មួយអាទិត្យម្តង ចំណេញពេលវេលា និងថវិកាធ្វើដំណើរ។ បន្ថែមពីនេះ បើយើងមានគ្រួសារចំណេញជាង ព្រោះឡានមួយ អាចជិះបានពីរនាក់ ផ្ទះមួយនៅបានពីរនាក់ បើនៅម្នាក់ឯងគឺយើងត្រូវចំណាយច្រើនមែនទែន បើត្រូវបង់មួយខែ ២០០០ដុល្លារ មានគ្នា២ពីរនាក់ គឺបង់ត្រឹមម្នាក់ ១០០០ដុល្លារ ហើយនៅស្រុកគេ គឺគេគិតតាំងពីរឿងហ្នឹងឡើង។ ក្រៅពីនេះ យើងក៏ត្រូវចេះសន្សំសំចៃ លើការប្រើប្រាស់ទឹក ភ្លើង និងប្រើកញ្ចប់អ៊ីនធើណែត ត្រឹមកម្រិតល្មមសមរម្យផងដែរ។
លោកឧកញ៉ា ហ៊ួត ជា បានបញ្ជាក់ឱ្យដឹងថា នៅឆ្នាំថ្មី ឆ្នាំ២០២៣នេះ លោកនឹងចែករំលែកមេរៀនល្អៗមួយចំនួន ទាក់ទងនឹងការគ្រប់គ្រងអាជីវកម្ម ការធ្វើទីផ្សារ ការឌីហ្សាញឡូហ្គូ និងការសរសេរសៀវភៅ។ ជាមួយគ្នានេះ លោកកំពុងតែសរសេរសៀវភៅមួយក្បាលដែរ មានចំណងជើងថា “ការបង្កើតម៉ាកយីហោរបស់ខ្លួន” ព្រោះពេលលោកទៅស្រុកគេ ឃើញថាម៉ាកយីហោ ពិតជារឿងសំខាន់ណាស់៕