ក្រុមហ៊ុន ទ្រី ភាព គ្រុប រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដែលមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធចំនួន ១០ក្រុមហ៊ុន។
ថ្លែងនៅក្នុងឱកាសនោះ អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រីភាព គ្រុប គូសបញ្ជាក់ថា ឆ្នាំ២០២២កន្លងទៅ អាជីវកម្មរបស់លោកទាំងអស់មានដំណើរការល្អប្រសើរ បើទោះបីពិភពលោកជួបវិបត្តិខ្លះបណ្តាលមកពីការរាតត្បាតជំងឺកូវីដ១៩ និងសង្គ្រាមនៅអ៊ុយក្រែនក៏ដោយនោះ។ សម្រាប់ដំណើរការល្អប្រសើរ នៃអាជីវកម្មនេះ លោកថាគឺបានមកពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញបទអន្តរាគមន៍ជាច្រើន ដើម្បីទប់ស្កាត់ផលលំបាករបស់វិស័យឯកជន កើតពីវិបត្តិទាំងអស់នោះ។
យ៉ាងណា អ្នកឧកញ៉ា ទ្រី ភាព ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់របស់ក្រុមហ៊ុន បន្តប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារ ឱ្យទទួលបានលទ្ធផល្អប្រសើរ ហើយអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀត។ ទន្ទឹមនឹងនោះអ្នកឧកញ៉ាបានប្រកាសថា លោកមិនខ្លាចនឹងដំឡើងប្រាក់ឈ្នួលជូនដល់បុគ្គលិកដែលស្មោះត្រង់ និងពូកែនោះឡើយ។
ក្រុមហ៊ុន ទ្រី ភាព គ្រុប នាពេលបច្ចុប្បន្នបានផ្តល់ការងាររហូតដល់ទៅជាងពីរពាន់កន្លែងជាមួយនឹងប្រាក់ឈ្នួលមួយសមរម្យ។
គួររម្លឹកផងដែរថា ប្រមុខរដ្ឋាភិបាលនាពេលកន្លងទៅបានចាត់ទុកវិស័យឯកជនជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់។ តាមរយៈការវិនិយោគ និងដំណើរការអាជីវកម្មរបស់វិស័យឯកជន បានផ្តល់ចំណូលដល់ជាតិ តាមរយៈការបង់ពន្ធនានា។ មិនតែប៉ុណ្ណោះ តាមរយៈអាជីវកម្មទាំងនោះ ក៏បានរួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋផងដែរ៕