អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អ៊ិនវេសមេន គ្រុប និងក្រុមគ្រួសារ បានរៀបចំពិធីចែកអំណោយជាថវិកាមួយចំនួន ជូនដល់លោកយាយ លោកតា កុមារា កុមារី ជនពិការ កងកម្លាំងសន្តិសុខ និងប្រជាជនក្រីក្រ សរុបប្រមាណ ៥០០០នាក់ នៅគេហដ្ឋានរបស់លោក។

តាមការឱ្យដឹងរបស់ក្រុមហ៊ុន សុខា បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅថ្ងៃពិធីសែនដកជើងធូប ឬជនជាតិចិន ហៅថា ពិធីជូនទេវតាឡើងឋានសួគ៌ អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុន និងក្រុមគ្រួសារ តែងតែរៀបចំពិធីចែកអំណោយនៅគេហដ្ឋានរបស់លោក។ ជាក់ស្តែងឆ្នាំនេះ មានប្រជាជនប្រមាណជា ៥០០០នាក់ បានទទួលអំណោយសប្បុរធម៍នេះ។

គួរបញ្ជាក់ថា ថ្លែងក្នុងពិធីសម្ពោធសៀវភៅ «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ អ្នកឧកញ៉ា សុខ គង់ បានលើកឡើងថា កើតមកជាមនុស្ស គ្មានអ្វីលំបាកជាងរស់នៅក្នុងស្ថានភាពក្រីក្រតោកយ៉ាកនោះទេ។ ដូច្នេះដើម្បីឆ្លងផុតពីជីវិតក្រីក្រ លោកបានណែនាំដល់មនុស្សគ្រប់គ្នាត្រូវតែចេះគិតគូ ប្រឹងប្រែងធ្វើការ ចេះសន្សំសំចៃប្រាក់កាស និងចេះចាយលុយឱ្យចំគោលដៅ តែក៏មិនត្រូវកំណាញ់ពេកនោះដែរ ដោយចេះចែករំលែកដាក់ទានដល់អ្នកក្រខ្សត់ ឬខ្វះខាតផង៕






