អ្នកឧកញ៉ា ទ្រី ភាព អ្នកជំនួញក្តោបក្តាប់ក្នុងពហុវិស័យ មួយខែចាយកន្លះលានដុល្លារបើកប្រាក់ខែបុគ្គលិក

ជុំវិញ​ឧកញ៉ា

ជាអ្នកជំនួញក្នុងប្រទេសកម្ពុជា ដែលបានក្តោបក្តាប់តំបន់សេដ្ឋកិច្ចសំខាន់ៗ ព្រមទាំងមានភាពធន់រឹងមាំរាប់ទស្សវត្សរ៍មកហើយ។ លោក ទ្រី ភាព ទទួលងារឧកញ៉ា ពីប្រមុខ​រដ្ឋ​ស្ដីទី សម្តេច ជា ស៊ីម តាមសំណើររបស់សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០០៤ និងត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរម្យងារ អ្នកឧកញ៉ា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ដំណាលគ្នាជាមួយភរិយារបស់លោក គឺឧកញ៉ា សុខ ស្រីនាង ដែលជាភរិយាទី២ ជា​អគ្គនាយក​ក្រុមហ៊ុន MDS Group ក្រុមហ៊ុន Try Pheap Import Export រួម​ទាំង​ក្រុមហ៊ុន​ច្រើន​ទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ទ្រី ភាព ទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស​ដោយផ្ទាល់​ដៃ​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ សញ្ញាបត្រ​នេះ ផ្តល់​ដោយ​សកល​វិទ្យាល័យ IIC នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦។

អ្នកឧកញ៉ា ទ្រី ភាព មានបុត្រធីតាប្រុសស្រីសុទ្ធតែទទួលគោរមងារឧកញ៉ា ដូចជា លោក ទ្រី ដាលុច និងលោកស្រី ទ្រី ដាលីន ដែលជាកូននៃចំណង់ដៃអាពាហ៍ពិពាហ៍ភរិយាទី១។ អ្នកឧកញ៉ា ទ្រី ភាព បានរៀបអាពាហ៍ពិពាហ៍ ឫសែនព្រេនបង្គ្រប់កិច្ចទៅតាមប្រពៃណីខ្មែរ ជាមួយភរិយា គឺអ្នកឧកញ៉ា សុខ ស្រីនាង កាលពី​ថ្ងៃ​ទី​​ ១៨ ខែ​ឧសភា នៅក្នុង​គេហដ្ឋាន​ផ្ទាល់​ខ្លួន ស្ថិត​នៅក្នុង​សង្កាត់​បឹង​កេងកង ១​ ខណ្ឌ​ចំការមន បន្ទាប់ពី​គូស្វាមី​ភរិយា​នេះ​បាន​រស់នៅ​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​ ៤ ​ឆ្នាំ​មក​ហើយ។

អ្នកឧកញ៉ា ទ្រី ភាព កំពុងគ្រប់គ្រងអាណាចក្រជំនួញគ្រាក់ៗនៅក្នុងដៃប្រមាណ ១០ក្រុមហ៊ុនលើពហុវិស័យ ដូចជា អចលនទ្រព្យ សំណង់ ទេសចរណ៍ បដិសណ្ឋារកិច្ច កសិ-ឧស្សាហកម្ម កាស៊ីណូ និងប្រេងឥន្ធនៈជាដើម។

ក្រុមហ៊ុន ទ្រី ភាព គ្រុប ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣។ ក្រុមហ៊ុននេះបានវិនិយោគលើការអភិវឌ្ឍ ដីសម្បទានសេដ្ឋកិច្ច និងដីកម្មសិទ្ធិរបស់ក្រុមហ៊ុន ក្រោមរូបភាពជា ចម្ការដាំកសិ-ឧស្សាហកម្ម កៅស៊ូ ម្រេច តំបន់រមណីយដ្ឋាន សំណង់ និង ផែស្ងួត។

អ្នកឧកញ៉ា ជាអគ្គនាយកក្រុមហ៊ុន ទ្រីភាព គ្រុប ដែលត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យប្រមូលទិញឈើនៅទូទាំងប្រទេស ហើយធ្វើការនាំចេញទៅក្រៅប្រទេស។ ក្រោយមកក្រុមហ៊ុន ទ្រី ភាព គ្រុប បានបង្វែរបេសកកម្ម ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនលោកបានចាប់ផ្ដើមវិនិយោគលើវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ដែលមានតំបន់កម្សាន្តជាច្រើននៅតាមឆ្នេរសមុទ្រ និងតំបន់កោះ ពិសេសនៅខេត្តព្រះសីហនុ កំពត កែបជាដើម។

អ្នកឧកញ៉ា ទ្រី ភាព ត្រូវបានគេដឹងថាជាពាណិជ្ជករកំពុងឈរជើងចាក់គ្រឹះយ៉ាងរឹងមាំនៅក្នុងទឹកដីខេត្តកែប ខណៈដែលកន្លងទៅរាជរដ្ឋាភិបាលសម្រេចផ្តល់ការអនុញ្ញាតិឲ្យធ្វើការអភិវឌ្ឍន៍នៅតាមបណ្តាកោះជាច្រើនកន្លែងរួចមកហើយ។ នៅក្នុងឆ្នាំ២០២២កន្លងទៅ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន ទ្រី ភាព (TRY PHEAP KOH TUNSAY RESORTS CO., LTD) ដើម្បីអភិវឌ្ឍន៍កោះចំនួន២ ​ដែលមានទីតាំងនៅខេត្តកែប។

គម្រោងទាំង២នោះរួមមាន គឺ៖ TRY PHEAP KOH TUNSAY RESORTS CO., LTD ទទួលបានសិទ្ធិវិនិយោគលើគម្រោងអភិវឌ្ឍន៍កោះត្បាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគចំនួន១៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១០៥កន្លែង។ កោះត្បាល់ ជាកោះធម្មជាតិមួយមានទំហំប្រហែលជាង ១០ ហិចតា មានចម្ងាយប្រហែល ៦គីឡូម៉ែត្រ ពីក្រុងកែប និង ធ្វើដំណើរតាមទូកប្រមាណពី ៣៥-៤៥នាទី។

កាលពីឆ្នាំ ២០០៩ រាជរដ្ឋាភិបាលបានប្រគល់សិទ្ធិទៅឲ្យក្រុមហ៊ុនវិនិយោគចំនួនពីរនៅលើកោះទន្សាយ ក៏ប៉ុន្តែនៅឆ្នាំ ២០១៨ រាជរដ្ឋាភិបាលក៏សម្រេចដកសិទ្ធិវិនិយោគមកវិញ ក្រោមហេតុផលថា ក្រុមហ៊ុនទាំងនេះ មិនធ្វើការអភិវឌ្ឍអ្វីទាល់តែសោះ ដោយប្រគល់ទៅឱ្យក្រុមហ៊ុន ទ្រីភាព កោះទន្សាយរីស៊ត ធ្វើការអភិវឌ្ឍជំនួសវិញ នៅឆ្នាំ ២០១៩កន្លងទៅ។

កោះត្បាល់ ដែលនៅជាប់នឹងកោះទន្សាយ បច្ចុប្បន្នកោះទាំងពីរនេះ គឺកំពុងស្ថិតក្នុងគម្រោង​អភិវឌ្ឍន៍របស់ក្រុមហ៊ុន ទ្រី ភាព ផងដែរ ដោយមានចម្ងាយពីគ្នា តែ ១,៥ គីឡូម៉ែត្រប៉ុណ្ណោះ។

តាមរយៈការវិនិយោគនៃក្រុមហ៊ុនទាំង ៩ អ្នកឧកញ៉ា ទ្រី ភាព បាន​បញ្ជាក់ឲ្យ​ដឹង​ថា ក្នុង​មួយ​ខែៗ​លោក​ត្រូវ​បើក​ប្រាក់​ខែ​ឲ្យបុគ្គលិក កម្មករជាង ៥០ ម៉ឺន​ដុល្លារ​ជា​រៀងរាល់ខែ។ សេដ្ឋី​ប្រាប់​លាន​ដែល​មាន​ងា​រ​ជា​អ្នក​ឧកញ៉ារូប​នេះ​​បាន​អះអាង​បន្តទៀត​​ថា ក្រុម​ហ៊ុន​ទាំង ៩ របស់​លោក​ដែលកំពុង​ដំណើរការ​មិនត្រឹមតែបានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធនានានោះទេ តែក៏បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរផងដែរ។ នេះបើតាមការបញ្ជាក់ក្នុងសន្និបាតបូកសរុបលទ្ធផលការងារក្រុមហ៊ុន ទ្រី ភាព គ្រុប ពេលកន្លងទៅ។

គួររំលឹកថា ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩នេះ ក្រុមហ៊ុនទាំង៩របស់លោក​នៅតែរក្សាបុគ្គលិក និងកម្មករដែលមានចំនួនសរុបជាង ២ពាន់នាក់ដដែល មិនមានការកាត់បុគ្គលិកនោះឡើយ។ បើតាម​អ្នក​ជំនួញ​រូប​នេះ ក្រុមហ៊ុនដែលដំណើរការល្អជាងគេ គឺក្រុមហ៊ុនចំការកៅស៊ូ ដែលមានផ្ទៃដីដាំដុះប្រមាណជា ៦ពាន់ហិកតា នៅក្នុងស្រុករវាងខេត្តព្រះវិហារ៕