បន្ទាប់ពីមានការអំពាវនាវ ពីសំណាក់រាជរដ្ឋាភិបាល ឲ្យក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រៅស្រុកទិញភាគហ៊ុន ពីគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ តាខ្មៅ គេសង្កេតឃើញថាមានក្រុមហ៊ុន ក្នុងស្រុកជាច្រើនបាននាំគ្នាវិនិយោគទិញភាគហ៊ុន ពីគម្រោងព្រលានយន្តហោះនេះ។

ជាក់ស្តែងបើតាមការប្រកាសព័ត៌មានរបស់ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ តាខ្មៅនេះ ឃើញថាមានឧកញ៉ា និងអ្នកឧកញ៉ាល្បីឈ្មោះនៅកម្ពុជា បានចូលរួមទិញទិញមូលបត្របំណុល ជួយសាងសង់គម្រោងព្រលានយន្តហោះមួយនេះក្នុងនោះរួមមាន៖
–អ្នកឧកញ៉ា ពុង ឃាវសែ៖ បើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ដ្រី ដែលចុះផ្សាយកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ បានឱ្យដឹងថា ការវិនិយោគព្រលានយន្តហោះលំដាប់ថ្នាក់អន្តរជាតិនេះ បានទទួលទុនវិនិយោគពីកម្ចីពីធនាគារបរទេស១១០០ លានដុល្លារសហរដ្ឋអាមេរិក កម្ចីពីភាគទុនពីក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់ឧកញ៉ា ពុង ឃាវសែ ២៨០លានដុល្លារសហរដ្ឋអាមេរិក និង ដើមទុនចុះបញ្ជី ១២០លានដុល្លារសហរដ្ឋអាមេរិក។
-អ្នកឧកញ៉ា គិត ម៉េង៖ តាមរយៈធនាគារ វីង ខេមបូឌា បានសម្រេចទិញមូលបត្របំណុលមានតម្លៃ ២លានដុល្លារអាមេរិក ពីក្រុមហ៊ុន Cambodia Airport Investment Co., Ltd ហៅកាត់ថា CAIC របស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាអ្នកអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ តាខ្មៅ។ពិធីចុះហត្ថលេខា ធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដែលដំណាងដោយឧកញ៉ា ឆារស៍ វ៉ាន់ ជាអគ្គនាយករងក្រុមហ៊ុន Cambodia Airport Investment Co., Ltd និងលោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង ក្រោមវត្តមានអ្នកឧកញ៉ា ពុង ឃាវសែ និងអ្នកឧកញ៉ា គិត ម៉េង។
-អ្នកឧកញ៉ា ចេន ហ្ស៊ី៖ អ្នកឧកញ៉ា ចេន ហ្ស៊ី តំណាងឱ្យធនាគារព្រីនស៍ បានសម្រេចបណ្តាក់ទុនវិនិយោគ ចំនួន៣៥លានដុល្លារអាមេរិកបន្ថែមទៀត លើសញ្ញាបណ្ណមានបុគ្គលធានា របស់ក្រុមហ៊ុន CAIC ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅនេះដែរ។
-ឧកញ៉ា លី ឃុនថៃ ៖ កាលពីថ្ងៃទី ១៤ មករា ឆ្នាំ២០២២កន្លងទៅនេះ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយឧកញ៉ា វ៉ាន់ ឆារស៍ ជាអគ្គនាយករង បានចុះហត្ថលេខាលក់មូលបត្របំណុលតម្លៃ ១០លានដុល្លារអាមេរិកទៅឲ្យធនាគារពាណិជ្ជ អាល់ហ្វា ម.ក តំណាងដោយឧកញ៉ា លី ឃុនថៃ ជាប្រធានក្រុមប្រឹក្សាភិបាល ដើម្បីជួយគាំទ្រដល់គម្រោងសាងសង់អាកាសយាដ្ឋានអន្តរជាតិតេជោ តាខ្មៅ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្រៅពីការរួមចំណែករបស់អ្នកឧកញ៉ាគ្រាក់ៗ ប៉ុន្មានរូបខាងលើហើយនោះ ក៏សង្កេតឃើញមានធនាគារក្នុងស្រុក និងធនាគារបរទេសល្បីឈ្មោះមួយចំនួនទៀត ក៏បានចូលរួមទិញមូលបំណុលគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅមួយនេះផងដែរ ក្នុងនោះរួមមាន៖
-ធនាគារ ហត្ថា ម.ក៖ ធនាគារ ហត្ថា បានវិនិយោគ ១៥លានដុល្លាអាមេរិក លើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោង សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី៤ មីនា ឆ្នាំ២០២២កន្លងមកនេះ។
-ធនាគារអេស៊ីលីដា៖ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជកម្មខ្មែរដ៏ធំជាងគេមួយនៅកម្ពុជា បានបោះទុនវិនិយោគចំនួន៣០លាន ដើម្បីទិញមូលបត្របំណុលរបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd ដែលបានបោះផ្សាយលក់សញ្ញាបណ្ណមានអ្នកធានា ដើម្បីកៀគរទុនសម្រាប់ទ្រទ្រង់ដល់ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។
-ធនាគារ ABA៖ ABA បានបោះទុន ៣០លានដុល្លារទិញមូលបត្របំណុលពីក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) ដើម្បីចូលរួមវិនិយោគក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងកាលថ្ងៃទី១៤ ខែធ្នូ រវាងក្រុមហ៊ុន Overseas Cambodian Investment Corporation Ltd (OCIC) ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) និងធនាគារ ABA។
-ធនាគារ ប្រៃសណីយ៍កម្ពុជា៖ ធនាគារ ប្រៃសណីយ៍កម្ពុជា បានបោះទុនវិនិយោគ១០លានដុល្លារ លើមូលបត្រ បំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរ ជាតិតេជោខេត្ដកណ្ដាល។ ពិធីចុះហត្ថលេខាព្រមព្រៀងរួមគ្នា វិនិយោគទឹកប្រាក់ ចំនួន១០លានដុល្លារអាម៉េរិក បានធ្វើឡើងកាលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
-ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)៖ កាលពីម្សិលមិញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ក៏វិនិយោគ១០លានដុល្លារ លើមូលបត្របំណុល របស់ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះផងដែរ។

គួរបញ្ជាក់ថា បើតាមថ្នាក់ដឹកនាំក្រុមហ៊ុន CAIC បច្ចុប្បន្នការសាងសង់ព្រលានយន្តអន្តរជាតិភ្នំពេញថ្មី សម្រេចបានប្រមាណជាង៣០% ហើយ ដោយបានចំណាយថវិកាអស់ជាង៣៩០លានដុល្លារអាមេរិក(មិនបញ្ចូលថ្លៃដី)។ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ធ្លាប់បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២កន្លងទៅ ក្រុមហ៊ុនត្រូវចំណាយថវិកា៤៦៧លានដុល្លារអាមេរិកបន្ថែមទៀត លើការសាងសង់ព្រលានយន្តហោះខាងលើ។
បើតាមក្រុមហ៊ុន CAIC ធ្លាប់បានឱ្យដឹងថា គិតមកទល់ពេលនេះមានគ្រឹះស្ថានហិរញ្ញវត្ថុទាំងរដ្ឋ និងឯកជនជាង១០ស្ថាប័នហើយ បានបោះទុនទិញមូលបត្របំណុល ឬសញ្ញាប័ណ្ណមានអ្នកធានារបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីចូលរួមអភិវឌ្ឍគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ឬព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី។
យ៉ាងណាមិញ ការចូលរួមទិញមូលបត្របំណុល ឬសញ្ញាប័ណ្ណមានអ្នកធានាគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ឬព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មីនេះ គឺក្រោយពេល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ទាំងក្នុង និងក្រៅប្រទេស ឲ្យជួយទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) របស់ក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៉ិនវេសមិន (CAIC) ដែលសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។
ដោយកាលនោះ សម្តេចតេជោបានបបញ្ជាក់ដែរថា ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលដល់ការអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ដែលកាត់បន្ថយនូវការប្រើប្រាស់ទុន ពីក្រៅប្រទេស ហើយការគ្រឹះស្ថានហិរញ្ញវត្ថុទាំងនោះ ក៏ទទួលបានផលចំណេញពីអត្រាការប្រាក់ ដោយទទួលបានការធានាផ្នែកហានិភ័យ ស្មើសូន្យពីរាជរដ្ឋាភិបាលផងដែរ៕
អត្ថបទ៖ ពិសី