លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia នៅថ្ងៃទី៨ ខែ មេសានេះ បានប្រកាសថា ទិញបន្លែនិងផ្លែឈើធម្មជាតិ ទុកចែកអោយអ្នកជិតខាង និងអ្នកធ្វើដំណើរដោយមិនគិតថ្លៃ។
ការប្រកាសប្រកាសទិញបន្លែនិងផ្លែឈើធម្មជាតិ ទុកចែកអោយអ្នកជិតខាង និងអ្នកធ្វើដំណើរដោយមិនគិតថ្លៃ ពីសំណាក់អគ្គនាយកក្រុមហ៊ុន ខ្មែររៀល អ៊ីស្ទេត នាពេលនេះ គឺស្របពេលដែលវីរុសថ្មី Covid 19 បាននិងកំពុងបង្កក្តីបារម្ភដល់បណ្តាប្រទេសជុំវិញពិភពលោក ក៏ដូចជាកម្ពុជាផងនោះ ហើយជំងឺនេះក៏កំពុងជំរុញឲ្យប៉ះពាល់ដល់ការរស់នៅ និងកម្រិតជីវភាពបងប្អូនប្រជាពលរដ្ឋកម្ពុជាថែមទៀត។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកឧកញ៉ា បានរៀបរាប់ដូច្នេះថា « បើបងប្អូនមានបន្លែ និងផ្លែឈើធម្មជាតិខ្មែរ ដែលពិបាកលក់ ឬលក់បានថោកពេក ឬចង់ចាក់ចោល នោះសូមយកមកលក់អោយខ្ញុំ ដើម្បីយកទៅចែកអោយអ្នកជិតខាង និងអ្នកធ្វើដំណើរដោយមិនគិតថ្លៃ»។
ទន្ទឹមគ្នានោះ លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia ក៏បានឲ្យដឹងបន្តថា លោកឧកញ៉ា នឹងចែកស្វាយគ្មានជាតិគីមី ១តោន នៅខាងមុខការិយាល័យក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត (KW Khmer Real Estate) លើចំណីផ្លូវទេពផន ដល់អ្នកជិតខាង និងអ្នកដំណើរ ដោយពួកគាត់អាចយកទៅហូបតាមចិត្ត នៅថ្ងៃ ១០ មេសា ២០២០ ចាប់ពីម៉ោង ១០:៣០នានីព្រឹកផងដែរ។ ជាងនេះទៀត លោកឧកញ៉ា ក៏នឹងត្រូវទៅចែកអង្ករដល់ប្រជាជនក្រីក្រ ២០០នាក់ នៅស្រុកកៀនស្វាយ និងជួយដល់វត្តដូនសរ នៅថ្ងៃទី១០ មេសា ២០២០ ស្អែកនេះផងដែរ។
គួរបញ្ជាក់ថា លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia កាលពីពេលថ្មីៗនេះ រូបលោក ក៏ទើបតែបានចែកអង្ករប្រមាណ២តោន ដល់អ្នកធាក់ស៊ីក្លូ ម៉ូតូឌុប កង់បី ចំនួន ២០០នាក់ ព្រមទាំងចែកអង្ករម្នាក់ ២០គក និងមី១កេះ ដល់បុគ្គលិកក្រុមហ៊ុន កីឡាករបាល់ទាត់ និងក្រុមការងារជាង ១០០នាក់ នៅថ្ងៃទី៩ ខែមេសា ២០២០ នេះផងដែរ៕