ក្រសួងពាណិជ្ជកម្ម អនុញ្ញាតឱ្យឧកញ៉ា លឹម ឈីវហូ នាំចូលចែកចាយស្រាបៀរ Budweiser ផ្ដាច់មុខនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ស្រាបៀរ Budweiser របស់លោកជំទាវ ឧកញ៉ា លឹម ឈីវហូ ត្រូវបានក្រសួងពាណិជ្ជកម្ម សម្រេចអនុញ្ញាត​បន្តសុពលភាពនាំចូល និងចែកចាយទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤។ ការអនុញ្ញាតនេះធ្វើឡើងក្រោយពីមានលិខិតស្នើរបស់ក្រុមហ៊ុន អ៊ែតវូត អាហ័រណ នីហ័រណ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្រាបៀរ Budweiser នេះទទួលបានលិខិតកត់ត្រាទទួលស្គាល់សិទ្ធិផ្ដាច់មុខ លេខ ១៩១៣ ព.ណ កសប ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ហើយទទួលបានលិខិតប្រគល់សិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុន ANHEUSER-BUSCH, LLC ចុះថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១។ ក្នុងនោះដែរក៏ទទួលបានលិខិតប្រគល់សិទ្ធិផ្ដាច់មុខ​របស់​ក្រុមហ៊ុន Anheuser-Busch Inbev Vietnam Brewery Limited ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ។ Budweiser ទទួលបានការចុះបញ្ជីម៉ាកសាជាថ្មី ដោយលេខចុះបញ្ជី KH/៤៦៦៤០/១៣ ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងខ្លឹមសារនៃលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ​​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​​ក្រសួង​ពាណិជ្ជកម្ម​ឯកភាព​បន្ត​សុពលភាព​កត់ត្រា​ទទួល​ស្គាល់​សិទ្ធិ​នាំ​ចូល និង​ចែក​ចាយ​ផ្តាច់មុខ​លើ​ផលិតផល​ស្រាបៀរ​​ម៉ាក​ខាងលើ។ ​​សិទ្ធិ​​ផ្តាច់មុខ​នេះ ​​មាន​សុពលភាព​​ចាប់ពី​ថ្ងៃទី​០៨ ខែ​វិច្ឆិកា ឆ្នាំ២០២២ ​​រហូត​ដល់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ២០២៤ ​​ហើយ​អាច​​​នឹង​ត្រូវ​បាត់បង់​សុពលភាព​ជា​ស្វ័យ​ប្រវត្តិ​មុន​កាល​បរិច្ឆេទ​ផុត​កំណត់ ប្រសិន​បើ​មាន​ការ​ជូន​ដំណឹង​អំពី​ការ​បញ្ចប់​សិទ្ធិ​ពី​ក្រុមហ៊ុន ANHEUSER-BUSCH, LLC ដែល​ជា​ម្ចាស់​ម៉ាក។

សូមបញ្ជាក់ផងដែរថា ក្រៅពីនាំចូលស្រាបៀរ Budweiser ផ្ដាច់មុខ ក្នុងប្រទេសកម្ពុជា ​ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ របស់​លោកជំទាវ ឧកញ៉ា លឹម ឈីវហូ ក៏​កំពុង​នាំ​ចូល​និង​ចែក​ចាយ​នូវ​ប្រភេទ​ស្រា និង​ស្រាបៀរ​​​ជាង ១០​មុខ​ទៀត​ ដែល​រួម​មាន​ដូចជា Hennessy, Johnnie Walker, Katsuyama, Corona Extra, Budweiser, Moet & Chandon, Glenmorangie, Belvedere Vodka, Terrazas, Chandon, Cloudy Bay (New Zealand), Krug, Becks Ice, Veuve Clicquot, Cheval Andes។ ក្រៅ​ពី​​ប្រភេទ​ស្រា ក្រុមហ៊ុន​ក៏​បាន​ផលិត​ចែក​ចាយ​លក់​ទឹកបរិសុទ្ធ​​យីហោ “ណាវី”។

លោក​ជំទាវឧកញ៉ា លឹម ឈីវហូ ​​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កំពូល​ស្ត្រី​ម្នាក់​​ ដែល​លេច​ធ្លោរ​​​ខ្លាំង​ក្នុង​វិស័យ​ជំនួញ​នៅ​កម្ពុជា។ លោក​ជំទាវ ​បាន​ចាប់​ផ្តើម​អាជីវកម្ម​​​​​ដំបូង​នៅ​ពាក់កណ្តាល​ឆ្នាំ​១៩៩០ ​​និង​បាន​​កសាង​ឈ្មោះ​ក្លាយ​ជា​ថៅកែស្រី ​​រហូត​ដល់​អ្នកជំនួញ​ជាតិ-អន្តរជាតិ ទទួល​ស្គាល់​កេរ្តិ៍ឈ្មោះ​របស់​លោក​ជំទាវ​កាន់​តែ​ច្រើន​ តាមរយៈ​ការ​បោះទុនវិនិយោគ​តំបន់​ពាណិជ្ជកម្ម​ អ៊ែតវូត (ទីតាំង៖ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ) និង​តំបន់​មួយចំនួន​ទៀត។ បន្ថែម​ពី​នេះ​ លោក​ជំទាវ ក៏​ជា​ប្រធាន​ក្រុមហ៊ុនមេ LCH Investment Group ដែល​មាន​​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ជា​ច្រើន​ទៀត​ផង​ដែរ៕