អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ (Acceptance of Master Plan) លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិអេកូទេសចរណ៍កោះរ៉ុង តម្លៃប្រមាណ ៣០០លានដុល្លារ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅសណ្ឋាគារ Cambodiana រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងមានការចូលរួមពីមន្ទីរស្ថាប័នពាក់ព័ន្ធ ព្រមទាំងមន្ត្រីជាច្រើនរូបទៀត។
យោងតាមកិច្ចព្រមព្រៀង គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង លំដាប់ 4C នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកាប្រមាណ ៣០០លានដុល្លារសហរដ្ឋអាមេរិក និងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល ៥ឆ្នាំ។
សូមជម្រាបជូនថា កោះរ៉ុង មានផ្ទៃក្រឡាប្រមាណ ៧៨គីឡូម៉ែត្រក្រឡា ជាកោះធម្មជាតិដែលមានទំហំធំជាងគេលំដាប់ទីពីរនៅក្នុងប្រទេសកម្ពុជា មានចម្ងាយប្រហែល២៥គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។
កោះរ៉ុង ត្រូវបានរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិសម្បទានទៅឱ្យយក្រុមហ៊ុនឯកជនក្នុងស្រុក សហការជាមួយក្រុមហ៊ុនបរទេសធ្វើការវិនិយោគ កាលពីឆ្នាំ២០០៨ គឺក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គាឡាក់ស៊ី គ្រុប របស់ចិន ដោយប្រើប្រាស់ទុនចំនួន ២ ពាន់លានយ័ន ឬ ប្រមាណជាង ២៨៥ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយ៥ និងរមណីយដ្ឋាននៅលើកោះរ៉ុង ក្នុងខេត្តព្រះសីហនុ។ នៅក្នុងគម្រោងអភិវឌ្ឍកោះរ៉ុង ក្រុមហ៊ុនក៏គ្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ កាស៊ីណូ និងសណ្ឋាគារព្រមទាំងរោងចក្រផលិតថាមពលដើរដោយពន្លឺព្រះអាទិត្យនិងអនុភាព 3MW ផងដែរ៕