មែនទែនទៅ ខេត្តត្បូងឃ្មុំ ពុំមែនជាឈ្មោះខេត្តថ្មីនោះទេ ឈ្មោះស្រុក ឬខេត្តត្បូងឃ្មុំ បានលេចឡើងដំបូងក្នុងសិលាចារឹកសម័យក្រោយអង្គរ ចារនៅលើជញ្ជាំងនៃស្លាបខាងជើង រោងទងខាងកើត នៃប្រាសាទអង្គរវត្តរួចទៅហើយ។ រាជរដ្ឋាភិបាលសម្រេចប្រែក្លាយជាខេត្តត្បូងឃ្មុំវិញ តាមព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤៤៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៣ ដោយបំបែកចេញពីខេត្តកំពង់ចាម ហើយប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤។
ខេត្តត្បូងឃ្មុំ មានសក្តានុពផ្នែកកសិ-ឧស្សាហកម្ម កសិកម្ម និងជាច្រកព្រំដែនដ៏សំខាន់មួយក្នុងការនាំចេញទំនិញ កសិផលទៅកាន់ប្រទេសវៀតណាម ពិសេសនោះចំការកៅស៊ូ ដែលជាដំណាំកសិឧស្សាកម្មដ៏មានសក្តានុពលមួយនៅក្នុងខេត្តនេះ។
កត្តាអំណោយផលដល់ការវិនិយោគដំណាំកសិ-ឧស្សាហកម្ម និងពាណិជ្ជកម្មនេះហើយដែលបានទាញចំណាប់អារម្មណ៍ពីវិនិយោគិនក្នុងស្រុក ក៏ដូចជាបរទេសទៅបណ្តាក់ទុនវិនិយោគ ខណៈខេត្តត្បូងឃ្មុំមានពាណិជ្ជករមានគោរមងារអ្នកឧកញ៉ា ឧកញ៉ា និងអ្នកមានមុខជំនួញគ្រាក់ៗកំពុងរកស៊ីយ៉ាងសកម្ម ហើយមានឥទ្ធិពល ជាច្រើរូបផងដែរ។
បើតាមបញ្ជាក់ពីមន្រ្តីរដ្ឋបាលខេត្តត្បូងឃ្មុំ មានអ្នកឧកញ៉ា ឧកញ៉ា ជាច្រើនរូបកំពុងវិនិយោគក្នុងទឹកដីខេត្តជាប់នឹងព្រំប្រទល់វៀតណាមមួយនេះ ហើយអ្នកមានទាំងនោះក៏មានតួនាទីជាអនុប្រធានកិតិ្តយសសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំប្រមាណ ១២រូប ដូចជា ឧកញ៉ា ម៉ក់ គឹមហុង ប្រធានអគ្គនាយកក្រុមហ៊ុន សុភក្តិនីកា អ៉ិនវេសមេន គ្រុប, ឧកញ៉ា សៀក ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុនក្រែក (ខេមបូឌា) ខូអិលធីឌី , ឧកញ៉ា គីម កៅ អគ្គនាយកក្រុមហ៊ុន គីមហាប់ ខូអិលធីឌី, ឧកញ៉ា អាន ម៉ារឌី នាយកក្រុមហ៊ុន អានម៉ារឌី អិនវេសមេន គ្រុប, ឧកញ៉ា វន់ ប៊ុនថៃ ម្ចាស់ក្រុមហ៊ុន ម៉េងលាង, ឧកញ៉ា លឹម ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន LBN Gorup ,ឧកញ៉ា ហេង ឡុង ប្រធានអគ្គនាយកក្រុមហ៊ុន ឡេង ស្រេង អ៊ីនធើណេស៊ីនណល ចម្ការកៅស៊ូបឹងកេត, ឧកញ៉ា លឹម ហុងឈាង ម្ចាស់ក្រុមហ៊ុន Lim Hong Chheang Import Export Co.,LTD , ឧកញ៉ា គុយ សួរ, ឧកញ៉ា កុយ សុខងន់ អគ្គនាយកក្រុមហ ហេង សុខងន់ អ៉ីមផត អ៊ិចផត ខូអិលធីឌី, ឧកញ៉ា ស៊ឹម សំអុល ម្ចាស់ក្រុមហ៊ុន ដាយថាន់ និងឧកញ៉ា ឃុន ម៉េង ជាដើម។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ពលរដ្ឋខេត្តត្បូងឃ្មុំ ប្រមាណ៨៥ភាគរយ ប្រកបរបរកសិកម្ម ក្នុងនោះដំណាំដែលនិយមជាគេ គឺដំណាំស្រូវ ដែលមានចំនួន ៨៩ ៤៦០ហិកតា ដំណាំកៅស៊ូចំនួន ៨៣ ០០០ហិកតា និងដំណាំកសិឧស្សាហកម្មរួមផ្សំមួយចំនួនទៀតប្រមាណ៨៣ ៥០០ហិកតា ក្នុងនោះមានដំឡូងមី ពោតក្រហម ស្វាយចន្ធី និងស្វាយកែវរមៀតជាដើម។ ពលរដ្ឋខ្លះ ប្រកបរបរចិញ្ចឹមសត្វលក្ខណៈគ្រួសារ និងវិស័យវារីវប្បកម្ម។ ក្រៅពីនេះ គឺពលរដ្ឋពឹងផ្អែកលើវិការធ្វើពាណិជ្ជកម្ម ១៤ភាគរយ និងរបរផ្សេងៗ ១ភាគរយ៕