ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី បានចុះហត្ថលេខាជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ (Acceptance of Master Plan) លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិអេកូទេសចរណ៍កោះរ៉ុង តម្លៃប្រមាណ ៣០០លានដុល្លារ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ពិធីចុះហត្ថលេខាធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
ថ្លែងក្នុងឪកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ពីការប្តេជ្ញាចិត្តសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (លំដាប់ 4C) នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ឲ្យសម្រេចតាមផែនការមេ ដែលស្របទៅនឹងគោលនយោបាយសន្តិភាព និងការអភិវឌ្ឍរបស់ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
បើតាមអ្នកឧកញ៉ាព្រលានយន្តហោះអេកូទេសចរណ៍អន្តរជាតិកោះរ៉ុងនេះ គ្រោងនឹងសាងសង់នៅពេលឆាប់ៗខាងមុខ ដោយត្រូវចំណាយពេលវេលា៥ឆ្នាំ។ ទន្ទឹមនឹងនោះលោក៏បានបញ្ជាក់ថា «ការសាងសង់នៅលើកោះមានការលំបាក និងចំណាយខ្ពស់ជាងការសាងសង់នៅលើគោកធម្មតា ពី២ទៅ៣ដង ដោយសារបញ្ហាដឹកជញ្ជូន»។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា អាកាសយានដ្ឋានដែលបំរុងនឹងធ្វើការសាងសង់លើកោះរ៉ុងនេះ ជាអាកាសយានដ្ឋានអន្តរជាតិថ្មីទី៤ ដែលបានធ្វើការវិនិយោគ ដោយមានការចូលរួមពីវិស័យឯកជន បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។
លោកបន្តថា គម្រោងអភិវឌ្ឍនេះស្ថិតនៅក្នុងក្របខ័ណ្ឌនៃការវិនិយោគពហុបំណងរួម សម្រាប់ក្រុងកោះរ៉ុងទាំងមូល ដែលជាការវិនិយោគរបស់វិស័យឯកជន ហើយមានលក្ខណៈស្រដៀងគ្នា នឹងការវិនិយោគរបស់ក្រុមហ៊ុនយ៉ូញៀន (UDG) នៅតំបន់តារាសាគរដែរ (ការវិនិយោគឯកជន ១០០% សម្រាប់ការអភិវឌ្ឍគម្រោងពហុបំណង)។ ម្យ៉ាងវិញទៀត គម្រោងនេះក៏មានសង្គតិភាពជាមួយនឹងចក្ខុវិស័យ ផែនការគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។
គួររម្លឹកថា កោះរ៉ុង មានផ្ទៃក្រឡាប្រមាណ ៧៨គីឡូម៉ែត្រក្រឡា ជាកោះធម្មជាតិដែលមានទំហំធំជាងគេលំដាប់ទីពីរនៅក្នុងប្រទេសកម្ពុជា មានចម្ងាយប្រហែល២៥គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ។ កោះរ៉ុង ត្រូវបានរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិសម្បទានទៅឱ្យយក្រុមហ៊ុនឯកជនក្នុងស្រុក សហការជាមួយក្រុមហ៊ុនបរទេសធ្វើការវិនិយោគ កាលពីឆ្នាំ២០០៨ គឺក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គាឡាក់ស៊ី គ្រុប របស់ចិន ដោយប្រើប្រាស់ទុនចំនួន ២ ពាន់លានយ័ន ឬ ប្រមាណជាង ២៨៥ លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយ៥ និងរមណីយដ្ឋាននៅលើកោះរ៉ុង ក្នុងខេត្តព្រះសីហនុ៕