កូនប្រុសស្រីអ្នកឧកញ៉ា សុខ គង់ ទាំង៦រូប កំពុងកាន់តួនាទី ដឹកនាំមុខជំនួញអ្វីខ្លះ?

ជុំវិញ​ឧកញ៉ា

មានវ័យ ៧០ឆ្នាំ ពាណិជ្ជករចាស់វស្សាដ៏មានឥទ្ធិពលបំផុត ហើយបានគ្រប់គ្រងអាណាចក្រជំនួញក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចសំខាន់ៗនៅក្នុងប្រទេសកម្ពុជា អ្នកឧកញ៉ា សុខ គង់ បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន សូគីម៉ិច អ៉ិនវេសមេន គ្រុប ដែលបានចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៩០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារកត្តាវ័យ អ្នកឧកញ៉ា សុខ គង់ ត្រូវបានគេមើលឃើញថា ចាប់ផ្តើមផ្ទេរការងារមួយចំនួនទៅកាន់អ្នកបន្តវេនជាកូនបង្កើត និងកូនប្រសា ក្នុងការកាន់កាប់មើលការខុសត្រូវលើសម្ព័ន្ធក្រុមហ៊ុននិមួយៗ ដើម្បីជាការបណ្តុះបណ្តាលទៅលើការគ្រប់គ្រង ដឹកនាំមុខជំនួញ។

បើយោងតាមសៀវភៅ «អាថ៍កំបាំងក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ា សុខ គង់» បានឲ្យដឹងថា អ្នកឧកញ៉ា សុខ គង់ ដែលមានភរិយាគឺលោកស្រី គឹម ឡេង មានបុត្រាបុត្រីចំនួន ៦ ក្នុងនោះកូនប្រុសស្រីចំនួន ៥រូបមានគោរមងារ «ឧកញ៉ា» ដូចជា ១/ ឧកញ៉ា សុខ យាក ២/ ឧកញ៉ា សុខ ហុង ៣/ លោក សុខ សុវណ្ណនិត ៤/ លោកស្រីឧកញ៉ា សុខ ចន្ថា ៥/ លោកស្រីឧកញ៉ា សុខ ចន្ធី ៦/ លោកស្រីឧកញ៉ា សុខ ចន្ធូ ។

ឧកញ៉ា សុខ យាក គឺជាកូនប្រុសច្បង កំពុងកាន់តួនាទីជាអនុប្រធានក្រុមហ៊ុន សូគីម៉ិច អ៉ិនវេសមេន គ្រុប, ប្រធានក្រុមហ៊ុន សូគីម៉ិច ផ្នែកប្រេង និងក្រុមហ៊ុនបូកគោ ហ្វាម ឯ.ក ។ ឧកញ៉ា សុខ ហុង ជាម្ចាស់ក្រុមហ៊ុន HSC Group, ឧកញ៉ា សុខ សុវណ្ណនិត ជាអគ្គនាយកក្រុមហ៊ុន គង់ ហុង កាត់ដេរ។

ចំណែកកូនស្រីច្បង ជាកូនទី៤ គឺឧកញ៉ា សុខ ចន្ថា មានតួនាទីជាអនុប្រធានក្រុមហ៊ុន សូគីម៉ិច អ៉ិនវេសមេន គ្រុប, ប្រធានក្រុមហ៊ុន សុខារៀលអីស្តេត ឯ.ក, អនុប្រធានក្រុមហ៊ុន សុខា អូតែល និងជានាយកប្រតិបត្តិក្រុមហ៊ុន បូកគោ ហ្វាម ឯ.ក ។ កូនស្រីម្នាក់ទី៥ ឧកញ៉ា សុខ ចន្ធី កំពុងកាន់តួនាទីអនុប្រធានក្រុមហ៊ុន សុខារៀលអីស្តេត ឯ.ក ។

ដោយឡែកសម្រាប់កូនស្រីពៅឯណេះវិញ ជាភរិយារបស់លោក ងិន បាណាល់ ឧត្តមសេនីយ៍ឯកផ្កាយ ៣ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ គឺលោកស្រីឧកញ៉ា សុខ ចន្ធូ ដែលកាន់តួនាទីជាអនុប្រធានក្រុមហ៊ុន សូគីម៉ិច អ៉ិនវេសមេន គ្រុប ទទួលបន្ទុកកិច្ចការផ្នែកហិរញ្ញវត្ថុ៕