គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” តម្លៃជាង២០០លានដុល្លារ របស់អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន World Bridge Group កំពុងសម្រុកសាងសង់ទាំងយប់ទាំងថ្ងៃ និងជារួមសម្រេចបាន ៩០%ហើយ ដើម្បីត្រៀមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន WorldBridge Sport Village ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន World Bridge Group បានឱ្យដឹងថា គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” សាងសង់លើផ្ទៃដី ៦ហិកតា នៅក្បែរនឹងពហុកីឡដ្ឋានមរតកតេជោ មកទល់បច្ចុប្បន្ននេះ ជារួមសម្រេចបានប្រមាណ ៩០%ហើយ ហើយគម្រោងនឹងបញ្ចប់ដំណាក់កាលសាងសង់នៃគម្រោងទាំងមូល ក្នុងពេលឆាប់ៗនេះ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” បានរៀបចំកម្មវិធីអបអរការសង់បញ្ចប់ជាន់អគារខុនដូ ចំនួន ៦អគារជាផ្លូវការ ក្នុងចំណោមអគារខុនដូសរុបចំនួន ១២អគារ ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាម្ចាស់អភិវឌ្ឍន៍គម្រោងផ្ទាល់។ អ្នកឧកញ៉ា សៀ ឫទ្ធី ក៏បានបញ្ជាក់ផងដែរថា គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នឹងមិនមានការយឺតយ៉ាវ ឬមិនអាចយឺតយ៉ាវជាដាច់ខាត ក្នុងការបញ្ចប់គម្រោងសាងសង់របស់ខ្លួន ព្រោះកម្ពុជាត្រូវទទួលភ្ញៀវក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ។

សូមជម្រាបជូនថា គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” អភិវឌ្ឍលើផ្ទៃដី ៦.២ហិកតា ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងនោះរួមមានខុនដូ ១២អគារ សរុបស្មើនឹង ១,៣១៩ យូនីត មានប្រភេទយូនីត ១បន្ទប់គេង ២បន្ទប់គេង និង៣បន្ទប់គេង។ ក្រៅពីខុនដូចំនួន ១២អគារ គម្រោងអភិវឌ្ឍន៍ដ៏ធំនេះ ក៏មានប្រភេទវីឡាទោល ចំនួន៣ វីឡាភ្លោះចំនួន៤៨ វីឡាកូនកាត់៧៩ ផ្ទះអាជីវកម្មខ្នាតតូចចំនួន៤១ និងផ្ទះអាជីវកម្មខ្នាតធំចំនួន៩៤ សរុបទាំងអស់ស្មើនឹង១,៥៨៤យូនីត ដែលនឹងធ្វើឱ្យគម្រោងនេះ ក្លាយជាសហគនម៍រស់នៅនិងជាតំបន់ពាណិជ្ជកម្មដ៏ធំថ្មីមួយ៕



