អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសភាពាណិជ្ជកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានរៀបចំពិធីពិសាអាហារសាមគ្គីជួបជុំសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ជាច្រើនរូប និងបងប្អូនញាតិមិត្ត នៅភូមិគ្រឹះរបស់លោកផ្ទាល់តែម្តង ដើម្បីជាការអបអរសាទរ ដែលអ្នកឧកញ៉ា បានបន្តចូលកាន់តំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ក្នុងអាណត្តិថ្មីបន្តទៀត។
ពិធីអាហារសាមគ្គីជួបជុំខាងលើនេះ គេឃើញមានការអញ្ជើញចូលរួមពីលោកជំទាវឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជាម្ចាស់ក្រុមហ៊ុនផលិតនំស្រួយ លីលី, លោកឧកញ៉ា ហ៊ុន ឡាក់ អតីតប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា, អ្នកឧកញ៉ា លី ឃុនថៃ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងលោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា និងអ្នកមុខអ្នកការមួយចំនួនទៀត។
គួររំលឹកថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ សភាពាណិជ្ជកម្មរាជធានីភ្នំពេញ បានរៀបចំពិធីបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥។ ជាលទ្ធផល អ្នកឧកញ៉ា គិត ម៉េង នៅបន្តរក្សាដំណែងជាប្រធានក្រោយជាប់ឆ្នោតទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលុប ៣៩ លើ៤០សំឡេង។ រីឯសម្រាប់ការបោះឆ្នោតជ្រើសតាំងប្រធានសភាពាណិជ្ជកម្មកម្ពុជាវិញ អ្នកឧកញ៉ា គិត ម៉េង ទទួលបានការគាំទ្រដោយ ១៥លើ១៨សំឡេង។
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលបានកាន់កាប់តំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ អស់រយៈពេល១២ឆ្នាំមកហើយ សម្រាប់អាណត្តិទី៥នេះ អ្នកឧកញ៉ានឹងដឹកនាំបន្តចំនួន៣ឆ្នាំទៀត។
សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៣នេះ អ្នកឧកញ៉ា គិត ម៉េង មានវ័យ ៥៥ឆ្នាំ ជាស្ថាបនិកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនវិនិយោគ ជាយុទ្ធសាស្ត្ររបស់កម្ពុជា នឹងបានទទួលស្គាល់ថាជាក្រុមហ៊ុនពហុផលិតផល និងមានការវិនិយោគគម្រោងធំៗនៅកម្ពុជា។ យ៉ាងណាមិញ កាលព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ អ្នកឧកញ៉ា បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិអេកូទេសចរណ៍កោះរ៉ុង តម្លៃប្រមាណ ៣០០លានដុល្លារ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយគ្រោងចំណាយពេលសាងសង់រយៈពេល ៥ឆ្នាំ ឱ្យបានរួចរាល់៕