លោកឧកញ៉ាពីររូប យល់ថាការវិនិយោគលើដីកសិកម្ម នឹងផ្តល់លើកឡើងពីឱកាសចំណេញខ្ពស់ នៅឆ្នាំ២០២៣នេះ ដោយសារស្ថានភាពសេដ្ឋកិច្ចកម្ពុជា នឹងងើបឡើងវិញកាន់តែប្រសើរឡើង ហើយដីកសិកម្ម នៅមានតម្លៃធូរថ្លៃនៅឡើយ។

លោកឧកញ៉ា តេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Group បានមានប្រសាសន៍នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ថា វិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២៣ ឱកាសចំណេញនៅតែមាន ជាពិសេសឱកាសក្នុងការវិនិយោគលើប្រភេទអចលនទ្រព្យ ចាំបាច់សម្រាប់ការអភិវឌ្ឍ ដូចជា លំនៅឋាន អចលនទ្រព្យឧស្សាហកម្ម និងការវិនិយោគលើដីធ្លីកសិកម្មជាដើម។

លោកឧកញ៉ា បានបន្តថា ការវិនិយោគលើវិស័យកសិកម្ម ក៏ជាឱកាសល្អ ក្នុងការហុចផលចំណេញខ្ពស់ ដោយសារអត្រាតម្លៃដីធ្លីដ៏សមរម្យ នៅធូរថ្លៃនៅឡើយ និងការអភិវឌ្ឍជាតំបន់ដាំដុះដំណាំផ្សេងៗ។ ជាពិសេស ដីធ្លីកសិកម្ម ក៏ជាប្រភេទអចលនទ្រព្យដែលនឹងមានតម្រូវការខ្ពស់ខ្លាំង នៅក្រោយពេលស្ថានភាពទីផ្សារងើបឡើងវិញ។

យ៉ាងណាមិញ លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ ក៏យល់ឃើញថា ការវិនិយោគលើដីកសិកម្មជាឱកាសល្អ និងអាចទទួលបានផលចំណេញខ្ពស់ផងដែរ។ លោកឧកញ៉ា បានលើកឡើងថា យោងតាមការសិក្សា បានរកឃើញថា ការិវនិយោគលើដីធ្លីប្រភេទកសិកម្ម ជាជម្រើសវិនិយោគមួយ ដែលផ្តល់ផលចំណេញខ្ពស់ តាមរយៈការទិញបានក្នុងអត្រាតម្លៃដីធ្លីសមរម្យបំផុត ហើយការអភិវឌ្ឍនៅលើដីធ្លីប្រភេទនោះ នឹងហុចមកវិញនូវផលចំណេញខ្ពស់ ក្នុងរយៈពេលកំណត់មួយនៃការវិនិយោគ។

សូមជម្រាបជូនថា ដីកសិកម្ម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាផ្នែកមួយដ៏សំខាន់ ខណៈដែលវិស័យនេះត្រូវបានកំណត់នៅក្នុងជ្រុងមួយនៃយុទ្ធសាស្ត្រចតុកោណ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាចំហរថា កម្ពុជាមិនយកពន្ធលើដីកសិកម្មនោះទេ។ សម្តេច ធ្លាប់បានបញ្ជាក់ថា ដរាបណាសម្តេចនៅជានាយករដ្ឋមន្ត្រី នោះពន្ធលើដីស្រែចំការ ត្រូវបានលើកលែង ហើយរយៈពេលជាង ៤០ឆ្នាំមកនេះ គ្មានការយកពន្ធលើដីកសិកម្មនោះទេ។ កត្តាទាំងនេះ ជាការលើកទឹកចិត្ត និងជួយលើកកម្ពស់ជីវភាពប្រជាជន ហើយក៏ជាឱកាសល្អសម្រាប់អ្នកវិនិយោគលើដីកសិកម្មផងដែរ៕