អ្នកឧកញ៉ា លី ហួរ បើកសម្ពោធអគារការិយាល័យកណ្តាលរបស់ក្រុមហ៊ុន លី ហួរ គ្រុប

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ហួរ ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន លី ហួរ គ្រុប (Ly Hour Group)​ និងលោកជំទាវឧកញ៉ា ស៊ាង លីម ​​​​បាន​អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធី​បើក​សម្ពោធអគារការិយាល័យកណ្តាលរបស់ក្រុមហ៊ុន លី ហួរ គ្រុប ​​ជា​ផ្លូវ​ការ ​​កាលពី​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ២០២៣។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគារការិយាល័យកណ្តាលរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដ៏ស្រស់ស្អាត​ថ្មី​នេះ​ មាន​កម្ពស់៥ជាន់ សាងសង់ឡើង​ដោយ​​កូន​ខ្មែរ​ប្រើរយៈពេលត្រឹមតែ​ ៧ខែប៉ុណ្ណោះ​ ដែលប្រកបដោយគំនិតច្នៃប្រឌិត​ខ្ពស់ ផ្សារភ្ជាប់​ជាមួយ​ធម្មជាតិ និង​ផ្អែកលើទំនើបកម្ម ប្រណិតភាព រចនាប្លង់ ដែលប្រើនូវបច្ចេកទេសមាត្រដ្ឋានត្រឹមត្រូវ។ អគារ​ការិយាល័យ​កណ្តាល​នេះ​ មាន​ទីតាំង​ស្ថិត​​នៅ​ដីឡូត៍​លេខ ៨៥-៨៨ ផ្លូវ ២៨៩ សង្កាត់​​បឹង​កក់​២ ​​ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ។

​សូម​ជម្រាប​ជូន​ថា ​​ក្រុមហ៊ុន​ លី ហួរ គ្រុប ​​​បាន​កកើត​ដំបូង​ ​តាំង​ពី​ឆ្នាំ១៩៨៦ ​​តាម​រយៈ​ការ​បង្កើត​នូវ​ក្រុមហ៊ុន លី ហួរ អ៊ិចឆេង ឯ.ក (លី ហួរ ប្តូរប្រាក់) ​​របស់​អ្នក​ឧកញ៉ា លី ហួរ។ ​​​មក​ទល់​បច្ចុប្បន្ន​​នេះ ​​ក្រុមហ៊ុន​ លី ហួរ គ្រុប មាន​បុត្រ​សម្ព័ន្ធ​ជា​ច្រើន​​បន្ថែម​ទៀត​ដូចជា លី ហួរ ​ផនសប ខូអិលធីឌី (២០១០), បុរី វិមានភ្នំពេញ (២០១១), ទេពី អាក្រូ វិនិយោគ ខូអិលធីឌី (២០១១), គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី (២០១២), លី ហួរ លីស៊ីង ភីអិលស៊ី (២០១៥), លី ហួរ ផេប្រ៉ូ ភីអិលស៊ី (២០១៦), លី ហួរ អ៊ិនសួរេន ម.ក (២០១៧)។

ជាមួយ​គ្នា​នេះ នៅ​​ឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ​ត្រូវ​បាន​ប្តូរឈ្មោះទៅជា “ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក” (SBI Ly Hour Bank) បន្ទាប់ពី​ធនាគារជាតិនៃកម្ពុជា បានផ្តល់ជូន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី នូវអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុជូនអតិថិជន ព្រមទាំងសាធារណជនទូទៅ៕