អ្នកឧកញ៉ា គិត ម៉េង ថាស្រឡាញ់ប្រទេសកម្ពុជា ត្រង់មួយឆ្នាំៗ បានប្រារព្វពិធីចូលឆ្នាំថ្មីច្រើនដង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង​ជា​ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ​​បាន​លើក​ឡើង​ថា ​រឿង​មួយ​ក្នុង​ចំណោម​រឿង​​រាប់​មិន​អស់ ដែល​លោក​ស្រឡាញ់​ប្រទេស​កម្ពុជា គឺ​​​​រៀង​រាល់​ឆ្នាំ​ យើង​បាន​ប្រារព្វ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ច្រើន​ដង ក្នុង​នោះ​មាន​ ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំសកល ​បន្ទាប់​មក​ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន និង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ នៅ​ខែ​​មេសា ដែល​នេះ​បង្ហាញ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​គោរព​វប្បធម៌​ចម្រុះ និង​បង្ហាញ​ពី​ការ​រួបរួម​សាមគ្គី​គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា គិត​ ម៉េង បាន​បង្ហោះ​សារ​និង​រូបភាព​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ក្នុង​ឱកាស​​អបអរ​​រីករាយ​ថ្ងៃបុណ្យ​ចូលឆ្នាំចិន ឆ្នាំ២០២៣ ឆ្នាំថោះ នៅ​ថ្ងៃ​នេះ ជាមួយ​នឹង​ក្រុម​គ្រួសារ​យ៉ាង​កក់​ក្តៅ សប្បាយ​រីករាយ។ ជាមួយ​គ្នា​នេះ អ្នកឧកញ៉ា បាន​បន្ថែម​ថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនេះ មានន័យថា ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែល​សម្បូរទៅដោយជនជាតិជាច្រើន ហើយយើងគោរពវប្បធម៌ចម្រុះ និងភាពចម្រុះជាតិសាសន៍។

ប្រធាន​សភាពាណិជ្ជកម្ម​​រាជធានីភ្នំពេញរូប​នេះ បាន​បន្ថែម​ថា ដូចពាក្យដែលមនុស្សគ្រប់គ្នា​នៅជុំវិញពិភពលោក​តែងតែនិយាយថាតៗគ្នាថា ប្រទេសកម្ពុជា គឺជាប្រទេសដែលផ្តល់ការស្វាគមន៍ និងភាពកក់ក្តៅបំផុត​នៅក្នុង​ពិភពលោក។ យើងគឺជាជាតិសាសន៍ដែលផ្តល់ការស្វាគមន៍ និងផ្តល់ភាពកក់ក្តៅបំផុត​នៅក្នុងពិភពលោក​ពិត​មែន។

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​នេះ អ្នកឧកញ៉ា​ គិត ម៉េង ក៏​សូមជូនពរបងប្អូន​ដែលប្រារព្ធពិធីបុណ្យចូល​ឆ្នាំ​ប្រពៃណីចិន ជួបតែសេចក្តីសុខគ្រប់ប្រការ នៅក្នុងឆ្នាំថោះនេះ និង​សូមឱ្យពុកម៉ែ បងប្អូនមានសេចក្តីសុខ សេចក្តីចម្រើនពេញមួយឆ្នាំ៕